
ដំណើរទស្សនកិច្ចផ្លូវការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម របស់ លោកស្រី អ៊ុងសានសូជី (Aung San Suu Kyi) មេដឹកនាំប្រទេសភូមា បានក្លាយជាមេដឹកនាំប្រជាធិបតេយ្យដំបូងគេ។ ទស្សនកិច្ចរបស់ឧត្តមមន្ត្រីជាន់ខ្ពស់ នៃសហភាពមីយ៉ាន់ម៉ា ធ្វើឡើងតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀនហ្ស៊ុនហ្វុក ត្រូវបានកត់សម្គាល់ថា ប្រទេសវៀតណាម ហាក់ព្យាយាមស្វែងរកមិត្តជាច្រើននៅក្នុងតំបន់ខណៈប្រទេសសង្គមនិយមមួយនេះ មានការប្រឈមជាមួយនឹងប្រទេសមហាអំណាចចិន ករណីជម្លោះសមុទ្រចិនខាងត្បូង។
តាមរយៈទស្សនកិច្ចនេះ វៀតណាមបានធ្វើការកត់សម្គាល់ចំនួន១៩ចំណុច ដែលក្នុងនោះ មេដឹកនាំប្រទេសទាំងពីរបាន ឈានដល់កិច្ចព្រមព្រៀងទ្វេភាគីជាច្រើន សំដៅពង្រឹងចំណងទាក់ទាក់ទងមិត្តភាព ឱ្យកាន់តែរឹងមាំ។ ក្រៅពីនេះ ប្រទេសទាំងពីរនេះ បានចុះកិច្ចព្រមព្រៀងសំដៅការពារនិងពង្រឹង សន្តិសុខតំបន់ ធ្វើយ៉ាងណាឱ្យអាស៊ានក្លាយជា តំបន់មួយ ប្រកបទៅដោយសន្តិភាព។ ចំណែកឯ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដោយបានកើនជាង ៨៣០លានដុល្លារ គឺកើនបាន ៥១ភាគរយ។
ប្រទេសវៀតណាម មានផែនការដាក់ទុនវិនិយោគនៅប្រទេសភូមា ចំនួន១៧គម្រោងដោយទុនសម្រាប់វិនិយោគ មាន២ពាន់មួយរយលានដុល្លារអាមេរិក តាមរយៈផែនការនេះ នាំឱ្យវៀតណាមក្លាយជាប្រទេសទី៧ដែលដាក់ទុនវិនយោគនៅភូមា។
សូមជម្រាបថាក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីសូជីបានជួបជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម ជាមួយគ្នានោះ លោកស្រីបានទៅដាក់ក្រមផ្កានៅវិមានហូជីមិញផងដែរ។
