
កំពង់ធំៈ ព្រៃអង់តែន គឺជាព្រៃប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានផ្ទៃដីសរុបទំហំ ៣១៤១៦ ហិកតា ស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើក្រយៀរ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកចំនួន២ គឺស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
បច្ចុប្បន្នគ្រប់គ្រងដោយក្រសួងបរិស្ថាន ប៉ុន្តែកំពុងរងនូវការកាប់បំផ្លិចបំផ្លាញពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយមានឈ្មួញនៅពីក្រោយជាអ្នកចាំទិញ ផ្តល់ហិរញ្ញវត្ថុ រួមជាមួយ និងមន្ត្រីរាជការអ្នកមានអំណាចនៅពីក្រោយខ្នង អ្នកខ្លះទៀតរង់ចាំទទួលទិញនៅពេលណា ដែលគេកាប់រានបាន និងដុតបំផ្លាញរួច។ ចំណែកចំណុចដែលកំពុងតែកាប់បំផ្លិចបំផ្លាញខ្លាំងជាងគេ គឺស្ថិតនៅពីខាងក្រោយសាលាសំណាក់របស់លោក ងួន ញិល ទាំងពីរកន្លែងក្នុងតំបន់ព្រៃអង់តែននេះតែម្តង។

បើយោងតាមឯកសារ បានបង្ហាញថា ព្រៃអង់តែន ជាព្រៃគម្រោង ដែលរាជរដ្ឋាភិបាលជប៉ុន ក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាស្ថានីយអង្កេតស្រាវជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជំរាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង និងបានបង្កើតសហគមន៍សហការគ្នាជាមួយអាជ្ញាធរ និងខាងជំនាញរដ្ឋបាលព្រៃឈើឲ្យចុះល្បាតក្នុងម៉ូតូ១គ្រឿង២០$ ក្នុងថ្ងៃនិងមានប្រាក់ខែជាង១០០$ ទៅ២០០$ ក្នុង១ខែ ហើយព្រៃអង់តែនកំពុងតែរៀបចំអនុក្រិត្យគម្រោងរេតបូកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការរិចរិលព្រៃឈើ។ ចំណែកករណីចូលកាប់រានដីព្រៃនោះយើងកម្រនិងឃើញចាប់បានជនសង្ស័យណាស់។
ប្រជាពលរដ្ឋនាំគ្នាំនិយាយរិះគន់ថា ព្រៃអង់តែន បើនៅតែបន្តដោះសារមិនទទួលខុសត្រូវ តទៅទៀតនោះ ព្រៃឈើ ដែលនៅសេសសល់ ច្បាស់ជានឹងត្រូវរលាយគ្មានសល់ជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំភាគច្រើន បានសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តា មានវិធានការផង ដើម្បីការពារព្រៃអង់តែន ដែលនៅសេសសល់៕







