
ភ្នំពេញៈ យុវតីម្នាក់ ត្រូវបានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូ ហុងដា ប៊ីត មួយគ្រឿង បានសម្រេច កាលវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃច័ន្ទ ៨រោច ខែពិសាខ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅជាមួយបងសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើតនៅក្រុងព្រះសីហនុ។

តាមសម្តីស្ត្រីម្នាក់ ត្រូវជាមិត្តភ័ក្តិនារីរងគ្រោះ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ បានជិះម៉ូតូម៉ាក ហុងដា ប៊ីត (Honda Beat) ពណ៌ក្រហម មានស្លាកលេខ ភ្នំពេញ 1GD-4664 ទៅលេងកោះពេជ្រ។ លុះជិតភ្លឺ ក៏ត្រឡប់មកវិញ ដោយនារីរងគ្រោះជិះតែម្នាក់ឯង ចំណែករូបគាត់ជិះជាមួយសង្សារ។

ប្រភពបន្តថា ខណៈមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង មួយម៉ាក ស្កុបពី និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ធុនសេ១២៥ មិនចាំស្លាកលេខទាំងអស់ មកពីក្រោយគៀរឲ្យឈប់ ហើយបានវាយនារីរងគ្រោះ ដណ្តើមយកម៉ូតូជិះចេញត្រឡប់ក្រោយក្នុងទិសដៅពីលិចទៅកើតបាត់ស្រមោល។ ភ្លាមៗនោះ នារីរងគ្រោះក៏ឡើងជិះម៉ូតូជាមួយមិត្តភ័ក្តិដេញតាមពីក្រោយ មកដល់ផ្លូវ៥៩៨ ជិតត្រឡោកបែក ក៏ជួបយុវជន២នាក់ ជិះម៉ូតូ ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ដោយមានការសង្ស័យក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនសង្ស័យទាំង២នាក់ និងនារីរងគ្រោះ ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ និងឃាត់ខ្លួនបណ្តោះអាសន្ន។ ចំណែកនារីរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីរួចហើយ និងត្រឡប់ទៅផ្ទះវិញ៕

