ភ្នំពេញៈ រថយន្ដស៊េរីទំនើបម៉ាក Mercedes មួយគ្រឿង បានឆ្លងចរន្ដអគ្គិសនីហុយចេញជាផ្សែង ខណៈពេលកំពុងតែធ្វើដំណើរតាមដងផ្លូវសុខៗ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកជិះខាងក្នុងឈប់រថយន្ត រត់ចេញយ៉ាងតក់ក្រហល់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩៖៤៥នាទីយប់ ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅជិតស្តុបអូឡាំពិក តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Cam Post ពីកន្លែងកើតហេតុ ឲ្យដឹងថា រថយន្ដដែលឆ្លងចរន្តអគ្គិសនីនោះ ម៉ាក Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0207។
សាក្សីឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារយើងថា មុនពេលកើតហេតុ គឺរថយន្ដកំពុងតែធ្វើដំណើរជាធម្មតា តែពេលដែលកំពុងបើកសុខៗ ក៏ឆ្លងចរន្តអគ្គិសនីហុយផ្សែងចេញជុំវិញរថយន្ដ ធ្វើឲ្យអ្នកជិះក្នុងរថយន្ដ នាំគ្នាចេញពីរថយន្ដ និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ ប៉ុន្តែនៅតែមិនបាត់ហុយ ទើបរាយការណ៍ទៅសមត្ថកិច្ចឲ្យរថយន្ដពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ចំនួនមួយគ្រឿងផងដែរ។ យ៉ាងណា រថយន្តពន្លត់អគ្គិភ័យមិនបានបាញ់ទឹកនោះទេ ព្រោះផ្សែងដែលហុយនោះ បានបាត់ទៅវិញ។
ក្រោយពីកើតហេតុ ម្ចាស់រថយន្ដបានទំនាក់ទំនងទៅរថយន្ដស្ទូច ឲ្យមកស្ទូចរថយន្ដរបស់ខ្លួន យកទៅជួសជុលដោយខ្លួនឯង៕
វីដេអូ៖