
ភ្នំពេញៈ រថយន្ត Highlander មួយគ្រឿង បើកបុកម៉ូតូ Scoopy ចំពីក្រោយពេញទំហឹង បណ្តាលឲ្យនារីម្នា ក់រងរបួសចំចង្កេះ ដើរមិនរួច ហើយម៉ូតូរងការខូចខាតផ្នែកខាងក្រោយ រីឯរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខបែកស្តុបខាងឆ្វេង។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវព្រះសុធារស កែងផ្លូវកុងតឺន័រថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ រួមដំណើរជាមួយនារី២នាក់ទៀត ជិះម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BD-0964 ជិះចេញពីកោះពេជ្រមក ស្រាប់តែដល់កន្លែងកើតហេតុ មានបុរសម្នាក់ជិះរថយន្តម៉ាក Highlander មួយគ្រឿង ពាក់ស្លាកលខភ្នំពេញ 2Z-2646 បានបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យនារីម្នាក់ រងរបួសត្រង់ចង្កេះ ចំណែកជនរងគ្រោះ២នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុភ្លាមៗ ក្រុមអ្នកសារព័ត៌មានបានចុះទៅយកព័ត៌មាន ស្រាប់តែសមត្ថកិច្ចម្នាក់ដែលគេស្គាល់ថា ព្រះនាម11C ត្រូវជាប្រធានផ្នែកចរាចរណ៍ប៉ុស្តិ៍ទន្លេបាសាក់ បានចាប់ទាញដៃអ្នកសារព័ត៌មានហើយ និយាយពាក្យសម្ដីមិនសមរម្យមកលើអ្នកសារព័ត៌មានទៀត និងមិនឲ្យផ្តិតទិដ្ឋភាព ហើយគាត់ក៏បានឲ្យភាគីខាងម៉ូតូលើកជនរងគ្រោះនោះដាក់ម៉ូតូជិះ៣នាក់ ហើយគាត់ឡើងរថយន្តជាមួយជនបង្ក នាំគ្នាទៅដោះស្រាយនៅទីកន្លែងស្ងាត់ មិនឲ្យអ្នកសារព័ត៌មានដឹងឡើយ៕


