
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់គណបក្សនយោបាយចំនួន២០ឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយអវត្តមានគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា។
លោក យ៉ែម បុញ្ញឬទ្ធិ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ ចម្លែកខុសពីមុនគឺ ឆ្នាំ២០១៨នេះ មាន២០បក្ស ក៏ប៉ុន្តែមានតែគណបក្សកាន់អំណាច និងគណបក្សថ្មីចាស់ដែលមិនទទួលបានអាសន:ពីការបោះឆ្នោតឆ្នាំ២០១៣ចូលរួម ដោយគ្មានគណបក្សប្រឆាំង ដែលត្រូវបានគេរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋជិតពាក់កណ្ដាលប្រទេសដែលជាគូប្រកួតពិតប្រាកដទៅវិញ។ ដូច្នេះការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ។
រំឭកស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖
១៩៩៣ មាន ២០បក្ស ៤បក្សទទួលបានអាសន:
១៩៩៨ មាន ៣៩បក្ស ៣បក្សទទួលបានអាសន:
២០០៣ មាន ២៣បក្ស ៣បក្សទទួលបានអាសន:
២០០៨ មាន ១១បក្ស ៥បក្សទទួលបានអាសន:
២០១៣ មាន ៨បក្ស ២បក្សទទួលបានអាសន:
លោក យ៉ែម បុញ្ញឬទ្ធិ បានបន្ថែមថា៖ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ អាណត្តិបន្តបន្ទាប់តែងតែមានគណបក្សសំឡេងភាគច្រើន(គណបក្សកាន់អំណាច) គណបក្សសំឡេងភាគតិច(គណបក្សប្រឆាំង) និងគណបក្សថ្មីចាស់ដែលមិនធ្លាប់បានទទួលអាសន:នៅសភា ចូលរួមប្រកួតប្រជែងការបោះឆ្នោតជានិច្ច។
ចម្លែកអ្វីតែឆ្នាំ២០១៨ គេរំលាយបក្សប្រឆាំងតែមួយ ដែលមានអាសន:នៅសភា មិនឱ្យចូលប្រកួត ហេតុអ្វីទៅជាហេតុផលពិតប្រាកដ? ពិចារណាតាមការគួរ
