
ព្រៃវែងៈ ថ្លែងពីខេត្តព្រៃវែង លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាជាតិខ្មែរ ធ្វើឲ្យខ្មែរខ្លាំង ហើយប្រជាជាតិខ្មែរខ្លួនឯង ក៏ធ្វើឲ្យខ្លួនឯងចុះខ្សោយផងដែរ ហើយគ្មានអ្នកណាជួយយើង ក្រៅពីខ្មែរយើងជួយខ្លួនឯងនោះដែរ ដូចដែលរាជរដ្ឋាភិបាលខិតខំវិនិយោគលើវិស័យអប់រំ ដើម្បីជំរុញធ្វើឲ្យប្រទេសខ្លាំង បង្ហាញវត្តមានលើឆាកអន្តរជាតិ ដើម្បីធ្វើជាម្ចាស់ការលើខ្លួនឯង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្នុងខេត្តព្រៃវែង ប្រមាណជិត១០០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មនុស្សម្នាក់ៗ មិនមានតែរូបរាង្គកាយសម្បទាតែមួយមុខនោះទេ ប៉ុន្តែមនុស្សម្នាក់ៗ ត្រូវមានទាំងកាយសម្បទា និងចំណេះដឹង គុណធម៌ សីលធម៌ ដើម្បីធ្វើជាធនធានមួយល្អក្នុងសង្គម ហើយនេះគឺជាភារកិច្ចរបស់លោកគ្រូអ្នកគ្រូ ដែលត្រូវធ្វើការអប់រំ និងបណ្តុះបណ្តាលដល់សិស្សានុសិស្ស។

លោកបន្តថា លោកគ្រូអ្នកគ្រូ គឺជាឪពុកម្តាយទីពីរ ឪពុកម្តាយបង្កើត បានបង្កើត និងបីបាច់ថែរក្សាឲ្យកូនចៅធំធាត់ និងបានចូលរួមអប់រំមួយចំនួន តែលោកគ្រូអ្នកគ្រូបានដើរតួធ្វើឲ្យមនុស្សម្នាក់ ក្លាយទៅជាមនុស្សពេញលក្ខណៈ ក្លាយជាធនធានរបស់សង្គម ដែលប្រកបដោយបញ្ញាញាណ ចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ហើយកត្តានេះហើយ ដែលសំខាន់សម្រាប់កសាងសង្គមជាតិ។
កូនប្រុសនាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា “មនុស្សម្នាក់ មិនមានឱកាសទទួលបានការអប់រំក្នុងសាលាជាធនធានមួយដែលមានកំរិត ប៉ុន្តែបើមនុស្សម្នាក់ មានសមត្ថភាព មានចំណេះដឹងខ្ពស់ មិនប្រកបដោយគន្លងគុណធម៌ ក៏អាចក្លាយទៅជាបញ្ហាមួយសម្រាប់ប្រទេសជាតិវិញដែរ ជាឧទាហរណ៍ អ្នកដឹកនាំក្នុងរបបខ្មែរក្រហម គឺសុទ្ធតែបណ្ឌិតមកពីបរទេស ដោយសារតែគាត់ទទួលយកនូវនយោបាយមួយ ដែលមិនផ្អែកលើគុណបុណ្យ គុណធម៌ សីលធម៌ គាត់ចង់លាងសង្គមមួយ ដែលគាត់គិតថា មិនស្អាតស្អំ ឲ្យក្លាយជាសង្គមមួយស្អាតស្អំ ទីបំផុត គឺប្រជាជនស្លាប់រាប់លាននាក់”។

លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា “គ្មានអ្នកណាជួយយើង ក្រៅពីខ្មែរយើងខ្លួនឯងនោះ! ខ្មែរ ធ្វើឲ្យខ្មែរយើងខ្លាំង ហើយខ្មែរខ្លួនឯង ក៏ធ្វើឲ្យខ្លួនឯងខ្សោយដែរ សូមកុំពឹងបរទេស។ បរទេសគេត្រូវគិតពីផលប្រយោជន៍ប្រទេសរបស់គេ។ ហេតុនេះហើយ ដែលយើងខិតខំវិនិយោគវិស័យអប់រំដើម្បីជំរុញធ្វើឲ្យប្រទេសយើងខ្លាំង ហើយខ្ញុំសង្ឃឹមថា សម្ភារៈមធ្យោបាយផ្សេងៗ ត្រូវម្ចាស់ការធ្វើបានដោយខ្លួនឯង កម្រិតនៃការរុញវត្តមានរបស់កម្ពុជា នៅលើឆាកអន្តរជាតិកាន់តែមានច្រើនតាមគ្រប់វិស័យនេះ។ ចក្ខុវិស័យរបស់យើង ជាអ្វីដែលលោកគ្រូអ្នកគ្រូត្រូវចូលរួមដោយផ្ទាល់ក្នុងការកសាងនេះ”។


លោកបន្ថែមទៀតថា ដោយសារការបណ្តុះបណ្តាល ដែលកើតចេញពីសំណាក់លោកគ្រូអ្នកគ្រូក្នុងការខិតខំបង្រៀន និងរៀនក្នុងប្រព័ន្ធអប់រំស្រុកខ្មែរ ពេលនេះ ខ្មែរមានសមត្ថភាពកសាងសមិទ្ធផលផ្សេងៗបានដោយខ្លួនឯងលើគ្រប់វិស័យ។ កម្ពុជា មានសមត្ថភាពកសាងផែនការ និងឯករាជ្យគ្រប់គ្រងប្រទេសដោយខ្លួនឯង ហើយពេលនេះ មិនមានបរទេសណាមកចង្អុលបង្ហាញ ឬធ្វើឲ្យខ្មែរនោះទេ។
សូមបញ្ជាក់ថា ក្រៅពីលើកឡើងអំពីគោលដៅនៃការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ថា ក្នុងសម័យទំនើប សម័យប្រព័ន្ធបច្ចេកវិទ្យា បានផ្តល់ឱកាសជាច្រើនដល់យុវជនក្នុងការស្រាវជ្រាវ និងទទួលយកព័ត៌មានផ្សេងៗ ក្នុងនោះ រឿងល្អ រឿងអាក្រក់ នៅជាមួយគ្នា។ ដូចនេះដើម្បីជៀសវាងនូវរឿងទាំងនោះ គឺមានតែការអប់រំនៅក្នុងសាលា គឺភារកិច្ចរបស់លោកគ្រូអ្នកគ្រូនេះហើយ ដែលធ្វើឲ្យគាត់ដឹងយល់ច្បាស់ពីគុណតម្លៃ សីលធម៌ និងគុណធម៌៕




