
តាកែវ ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨នេះ សមាជិកក្រុមប្រិក្សាខេត្តមួយចំនួន បានលើកឡើងប្រាប់អាជ្ញាធរពាក់ព័ន្ធជាពិសេសគណៈអភិបាលខេត្ត ពីការព្រួយបារម្ភរបស់ខ្លួនពាក់ព័ន្ធទៅនិងសកម្មភាព ការលួចដាំដំណាំកញ្ឆាខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋពលរដ្ឋមួយចំនួនតូចដែលរស់នៅជាប់ជើងភ្នំក្នុងស្រុកគីរីវង់។


ថ្លែងចំពោះមុខគណៈអភិបាលខេត្ត និងមន្រ្តីស្ថាប័នជំនាញចំណុះឲ្យរដ្ឋបាលសាលាខេត្ត ដែលចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លោក ធង ឯម សមាជិកក្រុមប្រឹក្សាខេត្តបានថ្លែងថា កន្លងមកគេឃើញមានសកម្មភាពរបស់សមត្ថកិច្ច ជាពិសេសអធិការដ្ឋានស្រុកគិរីវង់ បានចុះបង្រ្កាបការលួចដាំកញ្ឆានៅស្រុកគីរីវង់នេះរាប់សិបឆ្នាំមកហើយ ដោយការបង្រ្កាបនេះហាក់ដូចជាមិនចេះអស់ទាល់តែសោះ និងកាប់បំផ្លាញ ពីមុខដុះពីក្រោយ។ ចំពោះបញ្ហាកញ្ឆានេះវាបានធ្វើអោយប៉ះពាល់ដល់មុខមាត់ខេត្តតាកែវយើងខ្លាំងណាស់ ដូច្នោះអាជ្ញាធរខេត្តគួរតែពិភាក្សាគ្នាស្វែងរកដំណោះស្រាយតាមរយៈសកម្មភាពដឹកនាំកំម្លាំងចម្រុះចុះទៅបង្រ្កាបឲ្យអស់តែម្ដង ដើម្បីលើកមុខមាត់ខេត្តឡើងវិញ និងកុំឲ្យធ្វើសកម្មភាពដូចជាអង្គុយបក់ផ្សែង។


លោកសមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា អាជ្ញាធរមានកំម្លាំងសមត្ថកិច្ចជាច្រើន ទាំងទាហ៊ាន នគរបាល និងកំម្លាំងកងរាជអាវុធហត្ថ រឿងអីដែលយើងមិនអាច សហការណ៍គ្នា ចុះទៅបង្រ្កាបការលួចដាំដំណាំកញ្ឆានេះឲ្យអស់តែម្ដង។ បើយើងមិនអាចបង្រ្កាបការលួចដំណាំកញ្ឆាខុសច្បាប់បានទេ វានិងធ្វើអោយមានការរិះគន់ពីប្រជាពលរដ្ឋ ហើយវាក៏និងធ្វើឲ្យមានការលួចចរាចរណ៏កញ្ឆា ក្នុងប្រទេសនិងទៅក្រៅប្រទេសថែមទៀតផង។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឆ្លើយតបទៅនិងការលើកឡើងរបស់សមាជិកក្រុមប្រិក្សាខេត្ត បានថ្លែង បញ្ហាការលួចដាំដំណាំកញ្ឆាខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋ នៅជើងភ្នំបាយ៉ង់កោ ស្រុកគីរីវង់នេះ កន្លងមកអាជ្ញាធរ និងសមត្ថកិច្ចបានចុះបង្រ្កាបជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែការបង្រ្កាបមិនអស់នោះទេ ដោយសារតែស្ថានភាពភូមិសាស្រ្តស្មុគស្មាញដោយសារតែភ្នំមានកម្ពស់ជ្រលងជ្រៅៗជាច្រើនកន្លែង មានព្រៃដុះពាសពេញ ហើយពួកអ្នកលួចដាំខ្លះដាំនៅតាមជំរាលភ្នំ និងខ្លះដាំនៅលើភ្នំក៏មាន តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានគណបញ្ជាឯកភាពខេត្ត និងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការបង្រ្កាបការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះ ហើយយើងក៏និងបានធ្វើការអប់រំដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ជើងភ្នំកុំឲ្យលួចដាំដំណាំខុសច្បាប់នេះតទៅទៀត បើអាជ្ញាធរចាប់បានអ្នកដែលលួចដាំ និងត្រូវទទួលទោសទៅតាមច្បាប់ជាក់ជាពុំខាន៕




