
លោក សម រង្ស៊ី ហៅការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ថាជាការបោះឆ្នោតក្លែងក្លាយ ការរៀបចំឆាកដើម្បីជួយឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត ដោយសារតែគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។ លោកបានបង្ហាញពីអត្ថន័យពិតប្រាកដនៃការបោះឆ្នោតក្លែងក្លាយរៀបចំដោយអំណាចផ្តាច់ការនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ជម្រើសពិតប្រាកដមានតែ២គត់គឺ ១- មិនទៅបោះឆ្នោតគឺគាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត ហើយចង់ឱ្យគណបក្សនេះមកដឹកនាំប្រទេសដើម្បីមានការផ្លាស់ប្តូរជាវិជ្ជមាន។ ២- ទៅបោះឆ្នោត (ទោះជាបោះឆ្នោតឱ្យគណបក្សណាក៏ដោយ)គឺគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចង់ឱ្យគណបក្សនេះដឹកនាំប្រទេសតទៅទៀតដូចសព្វថ្ងៃ។
អតីតប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យចែកចាយខិតបណ្ណនេះ ជុំវិញបងប្អូនជនរួមជាតិ និងក្មួយៗគ្រប់គ្នា។ លោកក៏ធ្លាប់បានអំពាវនាវសារជាថ្មីម្តងទៀត បងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ សូមធ្វើពហិការ កុំទៅបោះឆ្នោតឲ្យសោះ បើរដ្ឋអំណាចសព្វថ្ងៃ មិនឲ្យគណបក្សសង្គ្រោះជាតិមានឈ្មោះក្នុងការបោះឆ្នោតខាងមុខ។
សូមបញ្ជាក់ថាប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយការចុះឈ្មោះគណបក្សនយោបាយក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
