
កំពតៈ ជនល្មោភកាមម្នាក់ តណ្ហាឡើងដល់កំពូល បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី២នាក់ ម្នាក់មានអាយុ១២ឆ្នាំ ម្នាក់ទៀតមានអាយុ១៣ឆ្នាំ បានសម្រេច កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ម៉ោងប្រហែល៤ល្ងាច នៅចំណុចភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ជ.ន.ច អាយុ១២ឆ្នាំ (ត្រូវជនសង្ស័យចាប់រំលោភបានសម្រេច), ទី២-ឈ្មោះ ជ.ថ.ខ អាយុ១៣ឆ្នាំ (ត្រូវជនសង្ស័យចាប់រំលោភមិនបានសម្រេច)។ ក្មេងស្រីរងគ្រោះទាំងពីរ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ផ្ទះឃ្លាតពីគ្នាចម្ងាយប្រហែល៣០ម៉ែត្រ ។ ចំណែកជនសង្ស័យមានឈ្មោះ បេង រ៉ឹម ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធ មានកូន៣នាក់។ ផ្ទះជនសង្ស័យឃ្លាតពីផ្ទះ ក្មេងស្រីរងគ្រោះចម្ងាយប្រហែល១០០ម៉ែត្រ។ មានទីលំនៅភូមិឃុំកន្លែងកើតហេតុ ។


សមត្ថកិច្ចបន្តថា ករណីខាងលើកើតឡើង ខណៈឪពុកម្តាយ ក្មេងស្រីរងគ្រោះទាំង២នាក់ មិននៅផ្ទះ ហើយទុកកូនស្រីនៅផ្ទះតែម្នាក់ឯង រួចជនសង្ស័យបានទៅផ្ទះក្មេងស្រីរងគ្រោះឈ្មោះ ជ.ន.ច បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះនៅលើគ្រែក្នុងផ្ទះ បានសម្រេចតែម្តងទៅ បន្ទាប់មកជនសង្ស័យ ក៏បានបន្តទៅផ្ទះទី២ទៀត គឺផ្ទះក្មេងស្រីរងគ្រោះឈ្មោះ ជ.ថ.ខ បានចាប់ជនរងគ្រោះស្រាតខោអាវ ក្នុងគោលបំណងចាប់រំលោភទៀត តែជនរងគ្រោះបានស្រែកហើយយំ ពេលនោះជនសង្ស័យ ក៏បានចេញពីផ្ទះជនរងគ្រោះទៅបាត់ លុះដល់ល្ងាចពេលអាណាព្យាបាលក្មេងស្រីរងគ្រោះទាំង២នាក់ មកពីចម្ការវិញក្មេងស្រីរងគ្រោះ ក៏បាននិយាយប្រាប់រឿងរ៉ាវខាងលើ ដល់ឪពុកម្ដាយ ទើបឪពុកម្ដាយក្មេងស្រីទាំង២នាក់ បានតេទូរស័ព្ទប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានស្វែងរកឃាត់បានជនសង្ស័យតែម្តងទៅ ។

ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំណាក់កន្ទួតខាងជើង ដឹកនាំដោយលោក ម៉ម ស៊ុ នាយបុស្តិ៍ បានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការ ចាត់ការទៅតាមនីតិវិធីច្បាប់៕
