
ស្វាយរៀងៈ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងនោះ នៅចុងខែឧសភា ក្នុងឆ្នាំ២០១៨នេះ គេឃើញមានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាដកផ្សិតផ្ជាក់យកលក់ ខណៈដែលពួកគាត់ទំនេរពីការងារ ។
បើតាមអ្នកលក់ផ្សិតម្នាក់ ជាប់ដងផ្លូវជាតិលេខ១ បានប្រាប់ឲ្យដឹងថា ក្រោយពីពួកគាត់បានសម្រាក់ពីការងារ (ពោលគឺថ្ងៃដែលឈប់សម្រាក់) ពួកគាត់បាននាំគ្នាដើរដកផ្សិតផ្ជាក់នៅក្នុងព្រៃដែលសំបូរទៅដោយដើមផ្ជាក់ ដែលចម្ងាយពីផ្ទះប្រហែល៥គីឡូម៉ែត្រ។

ប្រភពខាងលើ បានបន្តទៀតថា ក្នុងការដើរដកផ្សិតផ្ជាក់នេះ ក្នុងក្រុមគ្រួសាររបស់ពួកគាត់មាន៣ទៅ៤នាក់ ក្នុងមួយថ្ងៃអាចដកផ្សិតផ្ជាក់បានចាប់ពី១០ទៅ១៥គីឡូក្រាម ហើយបើដើរដកផ្សិតចំកន្លែងណាដែលសំបូរផ្សិតដុះច្រើននោះ អាចដកបានច្រើនជាងនេះទៅទៀត។ ប្រភពដដែលបន្តទៀតថា ដោយពលរដ្ឋខ្មែរយើងចូលបរិភោគផ្សិតផ្ជាក់ ជាពិសេស អ្នកស្រុកស្វាយរៀងយើងតែម្តង ហើយផ្សិតផ្ជាក់គេអាចយកធ្វើមុខម្ហូបបានច្រើនមុខណាស់ដូចជា ស្លរម្សៅ ឆាជាមួយ សាច់មាន់ សាច់គោ សាច់ជ្រូក ខជាសាច់ជាដើម ដោយមានរស់ជាតិល្វីងតិចៗ និងអាចលក់បានតម្លៃថ្លៃគួរសមសម្រាប់ដោះស្រាយក្នុងជីវភាពគ្រួសារ ទើបពួកគាត់នាំគ្នាចូលទៅក្នុងព្រៃដើរដកផ្សិតយកលក់ប្រសើរជាងនៅផ្ទះទំនេរឥតប្រយោជន៍។
ហើយផ្សិតផ្ជាក់នេះដែរ អាចលក់បានក្នុង១គីឡូចាប់ពី១៥០០០រៀល ទៅ២០០០០រៀល ហើយមិនបាច់យកទៅលក់នៅទីផ្សារនោះ គឺដាក់កញ្ច្រែងលក់នៅខាងមុខជាប់ផ្លូវជាតិលេខ១ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែរផងដែរ៕
