
ភ្នំពេញៈ បុរស២នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត ATOZ ទៅបុកទម្លុះចូលផ្ទះវីឡាមួយកន្លែង បណ្តាលឲ្យបាក់ទ្វារអស់មួយចំហៀង រួចរថយន្តបន្តទៅបុកថូផ្កា ហើយម្ចាស់ទុករថយន្តចោល រត់គេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងគ្មានលេខ ច្រកចូលមណ្ឌលសុខភាពភ្នំពេញថ្មី កែងផ្លូវ២៨គ្រួសារ ភូមិដីថ្មី សង្កាតគោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីបុរសម្នាក់ជាម្ចាស់ផ្ទះ បានឆែកមើលកាមេរ៉ាសុវត្ថិភាព ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន CAM POST ដឹងថា មុនកើតហេតុរូបគាត់បានឃើញបុរស៣នាក់ម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក និង២នាក់ទៀតជិះរថយន្តមួយគ្រឿងម៉ាក ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-0815 បានឈប់និយាយគ្នានៅក្បែរកន្លែងកើតហេតុប្រមាណជាង៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ម៉ោងកើតហេតុខាងលើ រថយន្តបង្កបានបើកចេញមក រួចរេចង្កូតមកខាងឆ្វេងដៃបុកចូលទម្លុះទ្វារផ្ទះអស់មួយចំហៀង រួចបន្តចូលទៅក្នុងផ្ទះទៅបុកថូផ្កាបែកអស់មួយទៀត រថយន្តបង្កកល់ជាប់ទៅមុខលែងរួច។

ម្ចាស់ផ្ទះបន្តទៀតថា ក្រោយហេតុការណ៍ បុរសទាំង២នាក់ បានបើកទ្វាររថយន្ត រួចចេញមកក្រៅផ្ទះ រួចឡើងជិះម៉ូតូមួយគ្រឿង ដែលឈប់ចាំនៅខាងក្រៅគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តជាប់ហ្គារោទ៍ឡើងឆ្ងៀមរថយន្តធ្វើឲ្យអ្នករស់នៅក្នុងផ្ទះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាត់ពន្លត់ បង្ការកុំឲ្យមានអគ្គិភយ័ឆាបឆេះឡើង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕





