
ភ្នំពេញៈ កាលពីយប់ថ្ងៃទី២០ ឧសភា ស្វាមីអ្នកនាង ម៉ៅ ស៊ីណាត គឺលោក ហោ សែមវិសាល ដែលត្រូវគេដឹងថា ទើបនឹងបែកបាក់អ្នកនាងមិនទាន់បានប៉ុន្មានថ្ងៃនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ។ បើទោះជាអ្នកនាង ស៊ីណាត ប្រកាន់ជំហរមិនអាចផ្សះផ្សារ គ្រាន់តែបានឮដំណឹងរន្ឋត់នេះ អ្នកនាងស្លត់ចិត្តហើយទប់ចិត្តមិនបាន ថែមទាំងស្រូតទៅដល់មន្ទីរពេទ្យភ្លាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនោះ គឺនៅវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី២០ ឧសភា នៅចំណុចម្ដុំអូឌឹម ជិតទីតាំងបម្រើការរបស់ស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដោយលោកវិសាល ត្រូវគេឃើញជិះម៉ូតូត្រឡប់មកផ្ទះ ហើយក៏បុកគ្នាពេញទំហឹងជាមួយនឹងម៉ូតូកង់៣ ដែលបត់ទទឹងទិស បណ្ដាលឲ្យស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដួលបោកក្បាលបែករយៈ និងត្រូវបានក្រុមគ្រូពេទ្យអះអាងថា លោកត្រូវប្រឈមនឹងការបាក់ឆ្អឹងខាងក្នុងមួយចំនួន បន្ទាប់ពីមកបង្កហេតុរួច កង់បីរត់បាត់។ លោកត្រូវបានអ្នកនាង ម៉ៅ ស៊ីណាត បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែត្រូវបានបញ្ជូនចេញនៅប៉ុន្មានម៉ោងក្រោយ ដោយសារតែស្វាមីអ្នកនាង ម៉ៅ ស៊ីណាត មានក្របខ័ណ្ឌទាហាន ហើយត្រូវបានគេស្នើឲ្យទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលត្រូវគេស្គាល់ថា ជាពេទ្យទាហាន។ រូបភាពនៅក្នុងមន្ទីរពេទ្យរបស់លោក មិនត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យថតនោះទេ ជាពិសេសចំពោះមុខរបួស ដែលមានសភាពធ្ងន់ធ្ងរនៅលើថ្ងាស ក្បាល និងលើជើង។

អ្នកនាងនិយាយថា ទោះជាអ្នកនាង និងស្វាមី មានរឿងខ្វែងគំនិតរហូតដល់ថ្នាក់ប្រកាសបែកគ្នា ប៉ុន្តែអ្នកនាងទប់ចិត្តមិនបាននោះទេ នៅពេលស្វាមីស្រាប់តែមានគ្រោះថ្នាក់ដល់ម្លឹង ក្នុងពេលដែលមុនគ្រោះថ្នាក់ ក៏លោកនៅតែចេញចូលមកមើលកូន និងខលសុំជុំគ្នាវិញច្រើនដង តែអ្នកនាងចិត្តរឹងមិនព្រមទទួលយក។ អ្នកនាងត្រូវគេឃើញអត់ងងុយស៊ីព្រុយកន្ទេលពេញមួយយប់ នៅកំដរលោកដោយមិនគិតពីអតីតកាលជុំវិញរឿងខ្វែងគំនិតគ្នានោះទេ ជាពិសេសនៅពេលដែលស្វាមីរបស់អ្នកនាង ចាប់ដៃអ្នកនាងជាប់មិនឲ្យទៅណា ក្នុងពេលបញ្ជូនទៅកាន់កន្លែងសង្គ្រោះបន្ទាន់៕





