Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសខួបលើកទី៧៣ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨) ខណៈកម្លាំងនគរបាលនាពេលបច្ចុប្បន្ន គឺជាកម្លាំងយ៉ាងសកម្មបំផុត ក្នុងការថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់ទូទាំងប្រទេស ។

សាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញកាលពីថ្ងៃទី១២ កន្លងទៅនេះបានឲ្យដឹងថា នៅថ្ងៃទៅ១៦ ខែឧសភានេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា បានបង្កើតកងកម្លាំងនគរបាលដំបូងបំផុត ដែលប្រសូត្រចេញពីស្នាព្រះហស្ថ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ដូច្នេះក្នុងនាមសម្តេច ជានាយករដ្ឋមន្រ្តីនិងតំណាងឲ្យប្រជាជនខ្មែរទាំងមូល សម្តេចសូមផ្ញើសេចក្ដីនឹករលឹក ស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះកងកម្លំាងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ។

សម្តេច បានលើកឡើងថា “ក្នុងឱកាសដ៏ប្រសើរនេះ សម្តេចសូមឧទ្ទិសនូវទឹកចិត្តកតញ្ញូ កតវេទីជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរស នៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុសន្តិសុខជាតិ” ។

ជាមួយគ្នានោះដែរ សម្តេចក៏បានថ្លែងអំណរអគុណចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំយ៉ាងខ្លាំងក្នុងការជម្នះនូវរាល់ឧបសគ្គប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្តូរផ្តាច់ការពារខឿនសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់បាននូវអំពើភេរវកម្ម និងបង្រ្កាបបានទាន់ពេលវេលានូវបទឧក្រិដ្ឋកម្មឆ្លងដែន ក្នុងខណៈពេលដែលប្រទេសជាច្រើននៅក្នុងសាកលលោក កំពុងតែប្រឈម និងរងគ្រោះដោយសារសង្រ្គាម អំពើភេរវកម្មនិងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត ។

សម្តេច បានបន្ថែមទៀតថា “កងកម្លាំងនគរបាលជាតិ បានបង្កើតស្នាដៃយ៉ាងធំធេង ក្នុងការរក្សានូវស្ថិរភាព ជីវភាពសង្គម និងប្រក្រតីភាពស្ថាប័នកំពូលរបស់រដ្ឋ តាមរយៈការវាយឲ្យបរាជ័យនូវឧបាយកលពិសពុលរបស់ពួកអមិត្ត ដែលបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ តាមបែបផែនបដិវត្តន៍ពណ៌ ដណ្តើមយកអំណាចផ្ទូយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ” ។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿតហត់មិនគិត យប់ថ្ងៃ លះបង់ពេលវេលាផ្ទាល់ខ្លួន មិនបានឈប់សម្រាកនិងមិនបានជួបជុំគ្រួសារ ដើម្បីការពារសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងការគោរពសិទ្ធិមនុស្ស គោរពអនុវត្តន៍យ៉ាងហ្មឺងម៉ាត់តាមគោលនយោបាយ និងផែកការយុទ្ធនាការសំខាន់ៗ របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើជាកម្លាំងបង្អែកពិតប្រាកដ ក្នុងការអនុវត្តគោលនយោបាយ “ភូមិឃុំមានសុវត្ថិភាព” ដែលបានធ្វើឲ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋានកាន់តែល្អប្រសើរផងដែរ ។

យ៉ាងណាក៏ដោយនៅក្នុងលិខិតជូនពរនេះ សម្តេចតេជោ ក៏បានជំរុញដល់កងកម្លាំង នគរបាលទាំងអស់ ត្រូវតែខិតខំលើកកម្ពស់គុណភាព សមត្ថភាពរបស់ខ្លួនឲ្យមានការរីកចម្រើន ស្របតាមដំណាក់កាលថ្មី ដោយត្រូវពង្រឹងស្មារតី សម្រួចឆន្ទះ គោរពក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ព្រមទាំងសិក្សារៀនសូត្របទពិសោធន៍ និងគំរូវីរភាព និងវិរៈរៀមច្បងនគរបាលជំនាន់មុន ដើម្បីការពារជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្រប់ច្បាប់ ដោយភក្កីភាពបន្ថែមទៀតផងដែរ ។

ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ដែលនឹងខិតចូលមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវជនអគតិណាមួយចំនួន ដែលចង់ប៉ុនប៉ងបំផ្លាញកិច្ចដំណើរការបោះឆ្នោតនេះ។ ជាងនេះទៅទៀតសម្តេច ក៏បានអំពាវនាវដល់កងកម្លាំងទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor