header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីបំផុតការប្រៀបធៀបរវាងឧត្តមសេនីយ៍ផ្កាយ៣ ឧកញ៉ា ហូ ចំរើន និងក្មួយនាយករដ្ឋមន្រ្តី គឺឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ជា ដែលអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងជាប្រធានបទថា មួយយុត្តិធម៌ និងមួយអយុត្តិធម៌នោះ ពេលនេះ តុលាការ បានលាតត្រដាងការពិតហើយ បន្ទាប់ពីការផ្តល់យុត្តិធម៌ ដោយសម្រេចឃុំខ្លួនដាក់ពន្ធនាគារដូចគ្នា ប៉ុន្តែមានទម្ងន់ទោសផ្សេងគ្នា ពោល គឺមួយស្រាលជាង និងមួយធ្ងន់ជាងប៉ុណ្ណោះ។

មន្រ្តីតុលាការតុលាការក្រុងភ្នំពេញ បានប្រាប់ថា ឧត្តមសេនីយ៍ផ្កាយ៣ ហូ ចំរើន ត្រូវព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ សម្រេចចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី១៧ ខែឧសភានេះ ហើយក៏បញ្ជូនសំណុំរឿងនេះ ទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតាមច្បាប់។ រហូតមកទល់នឹងល្ងាចថ្ងៃទី១៧ ខែឧសភានេះ ចៅក្រមស៊ើបសួរ កូយ សៅ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើឧកញ៉ា ហូ ចំរើន នៅមណ្ឌលកែប្រែម១ ហៅព្រៃស ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

មាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចែងថា ការគំរាមកំហែងថា នឹងសម្លាប់ កាលបើការគំរាមកំហែងនេះ ធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ករណីស្រដៀងគ្នានេះ គឺក្មួយនាយករដ្ឋមន្ត្រី លោក ហ៊ុន ជា ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចសាលក្រម និងចេញដីកាឃុំខ្លួនភ្លាមៗ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន កាលពីពេលកន្លងទៅ បានប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា លោក ហ៊ុន ជា ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសរយៈពេល១៨ខែ បន្ទាប់ពីព្រះរាជអាជា្ញរង ហ៊ឹង ប៊ុនថន ចោទប្រកាន់ចំនួន២បទល្មើស ទី១ បទ “គំរាមកំហែងថានឹងសម្លាប់“ និងទី២ បទ“ធ្វើឲ្យខូចខាតដោយចេតនា“ តាមមាត្រា២៣៣ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ឧកញ៉ាផ្កាយ៣រូបនេះ ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ពាក់ពន្ធករណីបាញ់បោះគំរាមភរិយា និងឪពុកម្ដាយក្មេក កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ។ ការឃាត់ខ្លួនឧកញ៉ាដ៏មានឥទ្ធិពល និងសេដ្ឋកិច្ចរូបនេះ គឺធ្វើឡើងដោយមានបញ្ជាពីព្រះឥន្ទ។

គួររំឭកថា មន្ត្រីជាន់ខ្ពស់យោធា ថ្នាក់ឧត្តមសេនីយ៍ផ្កាយ៣ ហូ ចំរើន បានបើកការបាញ់បោះគំរាមក្រុមគ្រួសារចំនួនប្រហែល៦-៧គ្រាប់ កាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបង្កការបាញ់បោះខាងលើ មានឈ្មោះ ហូ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ មុខរបរជាមន្ត្រីយោធា ឋានៈឧត្តមសេនីយ៍ឯក (ផ្កាយ៣)។ ចំណែក ជនរងគ្រោះមានគ្នា៣នាក់ រួមមាន ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ជាឪពុកក្មេក, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ម្ដាយក្មេក និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ជាភរិយា។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើដូចគ្នា។

ក្រោយពេលកើតហេតុ ដែលបានបង្កជាការភ្ញាក់ផ្អើលស្ទើរពេញក្រុងភ្នំពេញហើយនោះ សមត្ថកិច្ចគ្រាន់តែបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកសារព័ត៌មានថា ករណីបាញ់បោះសេរីនេះ បណ្ដាលមកពីទំនាស់ក្នុងគ្រួសារ ប៉ុន្តែមិនបណ្ដាលឲ្យជនរងគ្រោះទាំង៣ រងរបួស ឬបាត់បង់ជីវិតឡើយ។ ក្រោយមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post