កំពង់ចាមៈ រថយន្តដឹកភេសជ្ជៈ ១គ្រឿង រេចង្កូតជ្រុលទៅបុករថយន្តដឹកថ្មក្រឡាបទាំងកំរោល ដោយសារតែអ្នកបើកបររថយន្តដឹកភេសជ្ជៈសេពគ្រឿងស្រវឹង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង៤៖៣០នាទី នៅចំណុចចុងស្ពានត្រើង ស្ថិតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាកស្ការិច ពណ៌ខ្មៅ ដឹកភេសជ្ជៈយ៉េនហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2AA-0439 បើកបរដោយឈ្មោះ កែវ សុវណ្ណាដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាមគួរ ឃុំកន្ថោរលេច ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរពីទិសខាងកើតទៅលិច បានប៉ះទង្គិចជាមួយរថយន្ត១គ្រឿងទៀត ម៉ាកអ៊ីហ្សូយ (បែន) ពណ៌ស ពាក់ស្លាកលេខ 3A-1805 បើកបរដោយឈ្មោះ អោម ធី ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិរការលើ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកបរពីទិសខាងលិចទៅកើត ។
សមត្ថកិច្ចបន្តថា មូលហេតុដែលផ្តើមឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើកបររថយន្តម៉ាកស្ការិច មានជាតិស្រវឹងជាប់នឹងខ្លួន ហើយបានរេចង្កូតជ្រុលមកបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យខូចខាតរថយន្ត២គ្រឿង ចំណែកអ្នកបើកបរមិនមាននរណាម្នាក់ រងរបួសឡើយ ។
ក្រោយកើតហេតុភ្លាម ស្របពេលដែលលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ធ្វើដំណើរឆ្លងកាត់ផង បានចុះពិនិត្យ និងបានបញ្ជារកម្លាំងជំនាញមកធ្វើវាស់វែង ជួយសម្រួលចរាចរណ៍លើដងផ្លូវ ហើយបានឃាត់ខ្លួនអ្នកបើកបរសេពគ្រឿងស្រវឹង ធ្វើការសួរនាំដោះស្រាយតាមនីតិវិធី និងបានយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម៕