
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយបំភ្លឺចំពោះបញ្ហា ក្រុមហ៊ុនវៀតណាមនឹងបោះទុនទឹកប្រាក់ជាច្រើនលានដុល្លារ ដើម្បីវិនិយោគលើការដាំបន្លែនៅកម្ពុជា ខណៈមានការរិះគន់ជាច្រើនពីសំណាលពលរដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា ករណីនេះ អ្នកវិនិយោគវៀតណាម គ្រាន់តែបង្ហាញពីគោលបំណងនៃការបោះទុនលើវិស័យកសិកម្មផ្នែកដំណាំស្បៀងសុវត្ថិភាពតែប៉ុណ្ណោះ។ ប្រសិនបើគម្រោងការវិនិយោគនេះដំណើរការ ក្រុមហ៊ុននឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើ រួមទាំងសហគមន៍កសិកម្ម ដោយត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធ្វើការផលិតតាមគោលការណ៍កសិកម្មសរីរាង្គ ឬការអនុវត្តកសិកម្ម សម្រាប់ផ្គត់ផ្គង់សណ្ឋាគារ និងកន្លែងលម្លែកាយ ទាំងនៅកម្ពុជា និងវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបន្តថា គម្រោងវិនិយោគនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះភាគីវិនិយោគមិនទាន់សិក្សាបានច្បាស់លាស់ពីផែនការបោះទុន។

តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវលើកសំណើរសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយត្រូវឆ្លងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងវាយតម្លៃផលប៉ះពាល់នៃគម្រោង ព្រមទាំងត្រូវមានការសម្រេចពីរាជរដ្ឋាភិបាលផងដែរ។
ក្រុមហ៊ុននឹងរៀបចំកសិដ្ឋានដាំដុះគំរូ ដើម្បីបង្ហាញឲ្យកសិករដាំដុះតាមបទដ្ឋាន បច្ចេកទេសសមស្រប ពូជមានទិន្នផលខ្ពស់ ក្រុមហ៊ុននឹងប្រមូលទិញមកវិញ ដើម្បីបំពេញតម្រូវការទីផ្សារ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនវៀតណាមឈ្មោះ FLC Group ចូលជួបសម្តែងការគួរសម។ ក្នុងនោះក្រុមហ៊ុនបានបង្ហាញពីគោលបំណងចង់បោះទុនវិនិយោគលើការដាំដុះបន្លែម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ការនាំចេញ និងផ្គត់ផ្គងក្នុងស្រុក និងមានការកែច្នៃវេចខ្ចប់ នាំចេញផងដែរ៕
