header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ បុរសជាជនពិការជើងស្តាំម្ខាងក្នុងសម័យសង្គ្រាមម្នាក់ ត្រូវបានប្អូនស្រីបង្កើត និងប្អូនថ្លៃជាប្តី ព្រមទាំងក្មួយប្រុសពេញកម្លាំងទាំង៣នាក់ ព្រួតគ្នាវាយសម្រាតខោអាវ រួចអូសចាប់ពីមុខផ្ទះរបស់គាត់រហូតដល់ផ្ទះរបស់ពួកគេ គិតជាចម្ងាយប្រហែល៥០ម៉ែត្រ បណ្តាលឲ្យរងរបួសជាទម្ងន់ធ្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាទៅចោមរោមមើល និងជួយបុរសដែលជាជនពិការនោះឲ្យរួចពីការវាយធ្វើបាប ពីសំណាក់ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ។

ជនរងគ្រោះបានប្រាប់ថា រូបគាត់ឈ្មោះ ហង់ គន្ធា អាយុ៤៩ឆ្នាំ ជាយោធិនពិការ ធ្លាប់បម្រើការងារជាអ្នកបើកបរ (អាស្គុត) នៅវរសេនាតូចលេខ៨៦ ចំណុះឲ្យ(ACO) រស់នៅក្នុងភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកបានបន្តថា លោកបានចូលបម្រើការងារជាយោធាក្នុងអំឡុងឆ្នាំ១៩៨៧ ហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩០ លោកបានចេញទៅធ្វើសង្គ្រាមនៅជើងភ្នំ៥៥៣ ក្នុងស្រុកភ្នំស្រួច ហើយចៃដន្យអាក្រក់ ក៏បានដើរជាន់គ្រាប់មីនបណ្តាលឲ្យផ្ទុះដាច់ជើងស្តាំម្ខាងពិការរហូតមកដល់សព្វថ្ងៃនេះ។

លោកបន្ថែមថា កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ លោកបានចេញពីក្នុងផ្ទះមកបិតទ្វាររបង ព្រោះជាពេលយប់។ ពេលនោះលោកក៏បានស្រែកសួរអ្នកជិតខាង (ផ្ទះជាប់គ្នា) ថា «បូរីបានអីហូបបាយ» ស្រាប់តែមិនទាន់ឮឆ្លើយផង ក៏លេចមុខស្ត្រីឈ្មោះ ហង់ ចាន់ថុល អាយុ៤៤ឆ្នាំ ជាប្អូនបង្កើតរបស់លោក និងឈ្មោះ បូ អាន អាយុ៤៩ឆ្នាំ ព្រមទាំងឈ្មោះ អឿ រតនៈ ហៅអឿ ឋានៈ អាយុ២៥ឆ្នាំ ធ្វើការងារជាបុគ្គលិកអង្គការ AMK រស់នៅក្នុងភូមិឃុំជាមួយគ្នា បាននាំគ្នាមកព្រួតវាយ និងចាប់សម្រាតខោអាវរបស់គាត់ បណ្តាលឲ្យរលាត់ដៃជើង រួចអូសរហូតដល់ក្នុងរបងផ្ទះរបស់ពួកគេ(ក្រុមជនដៃដល់)។

លោកបានបន្តទៀតថា ដោយសារតែលោកត្រូវគេវាយបណ្តាលឲ្យងងឹតមុខ ហើយណាខ្លួនពិការជើងម្ខាង ថែមទាំងគ្មានកម្លាំងកំហែងតតាំងជាមួយមនុស្សរហូតដល់ទៅ៣នាក់ទៀតនោះ ស្រាប់តែមានប្រជាពលរដ្ឋរស់នៅក្នុងភូមិជាមួយគ្នាឃើញ ក៏នាំគ្នាទៅហៅអ្នកស្រុកឲ្យមកជួយឃាត់ក្រុមជនដៃដល់។ ដោយឃើញមានក្រុមប្រជាពលរដ្ឋនិងក្រុមប្រជាការពារមកព្រោងព្រាត ទើបក្រុមជនសង្ស័យទាំង៣នាក់ ឪពុក ម្តាយ និងកូន ឈប់ធ្វើសកម្មភាព។

ជនរងគ្រោះប្រាប់ទៀតថា ក្រោយមកលោកក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្នាយ ដោយបានប្រាប់ថា រូបគាត់ត្រូវជនសង្ស័យ៣នាក់ ព្រួតវាយឲ្យរបួស។ បន្ទាប់មកសមត្ថកិច្ចក៏បញ្ជូនរូបគាត់ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងទៅតុលាការខេត្ត និងឈានទៅឃាត់ខ្លួនឈ្មោះ បូ អាន តែម្នាក់ប៉ុណ្ណោះ ហើយឈ្មោះ ហង់ ចាន់ថុល និងឈ្មោះ អឿ ឋានៈ សមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ ហើយឥឡូវឈ្មោះ បូ អាន ក៏រស់នៅមានសេរីភាពវិញដែល ខណៈដែលរូបគាត់ជាជនរងគ្រោះ មិនទាន់បានសំណងជំងឺចិត្តសូម្បីតែ១រៀលលុយខ្មែរនោះ។

ពាក់ព័ន្ធនឹងករណីនេះ យោធិនពិការដ៏កំសត់រូបនេះ បានសំណូមពរដល់លោកប្រធានតុលាការខេត្តកំពង់ស្ពឺ និងនាយឧត្តសេនីយ៍ គន់ គីម ប្រធានសមាគមន៍អតីតយុទ្ធជន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយពិនិត្យរឿងនេះឡើងវិញ និងជួយរកយុត្តិធម៌ជូនរូបគាត់ផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post