header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ សាច់សត្វព្រៃដែលដាក់តាំងលក់យ៉ាងអាណាធិបតេយ្យក្នុងផ្សារក្រុងបានលុង ត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចុះបង្ក្រាប និងដកហូតយកមកដុតកម្ទេចចោល។

សាច់សត្វព្រៃទាំងនេះ ត្រូវសមត្ថកិច្ចបង្ក្រាបបានកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។

ប្រភពព័ត៌មានបញ្ជាក់ថា សាច់សត្វព្រៃដែលកម្លាំងបង្ក្រាបបាន សរុបចំនួន ១៧២.៧គីឡូក្រាម ក្នុងនោះមាន សាច់ប្រើស៩៣គីឡូក្រាម សាច់ឈ្លូស៤៧គីឡូក្រាម សាច់ជ្រូកព្រៃ៧គីឡូក្រាម សត្វទន្សាយ៣ក្បាល ៤.៥០គីឡូក្រាម សត្វប្រម៉ា ១២គីឡូក្រាម និងសត្វត្រកួត៤ក្បាល ៩.២០គីឡូក្រាម ដែលក្រុមឈ្មួញបានដាក់តាំងលក់ក្នុងផ្សារក្រុងបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចបានបន្តថា ការចុះបង្ក្រាបនេះ គឺមិនបានឃាត់ខ្លួនឈ្មួញលក់សាច់សត្វព្រៃទាំងនោះយកមកណែនាំ ឬធ្វើកិច្ចសន្យា និងផាកពិន័យនោះទេ ពីព្រោះពួកគេបានរត់គេចខ្លួនបាត់អស់គ្រាដែលសមត្ថកិច្ចចុះទៅដល់ ដោយបន្សល់ទុកតែសាច់សត្វព្រៃតែប៉ុណ្ណោះ ហើយម្យ៉ាងទៀត គណៈកម្មការផ្សារ ក៏មិនបានសហការចង្អុលបង្ហាញពីឈ្មួញដែលលក់សាច់សត្វល្មើសច្បាប់ទាំងនេះនោះដែរ។

ក្រោយពីរឹបអូស សាច់សត្វព្រៃទាំងនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចយកទៅដុតកម្ទេចចោលនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post