
នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ កាំបូឌីយ៉ាណាការ លោក ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់នៅក្រៅពិធីសិក្ខាសាលា បណ្ដុះបណ្ដាស្ដីពីការប្រែប្រួលអាកាសធាតុ សម្រាប់ថ្នាក់ដឹកនាំវ័យក្មេង និងយុវជនរាជធានីភ្នំពេញ ទាក់ទងនឹងលទ្ធផលដែលក្រសួងបរិស្ថានយកសំណាកឈាមអ្នកស្លាប់ ដែលពុលនៅក្រចេះទៅពិសោធន៍នៅសិង្ហបុរី ដោយលោកមិនទាន់អាចបកស្រាយ មុនអ្នកជំនាញចេញរបាយការណ៍លម្អិតបានទេ តែជារួមគឺ យើងឃើញថាមានសារធាតុ មេតាណុល នៅក្នុងសំណាកឈាមជនរងគ្រោះមួយចំនួន។

លោកបានបញ្ជាក់បន្ថែមជូនអ្នកសារព័ត៌មានទៀតថា ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល កំពុងរៀបចំរបាយការណ៍ដើម្បីដាក់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ផ្អែកទៅលើលទ្ធផលនៃការវិភាគ ដោយអ្នកឯកទេសកំពុងតែធ្វើរបាយការណ៍ ហើយ ក្រសួងត្រូវការរកការពិតសិន ទើបអាចចាត់វិធានការបាន។
ជាមួយគ្នានេះដែរ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានថ្លែងពាក់ព័ន្ទនឹង ការពុលនៅក្រចេះថា ថ្ងៃមុននឹង គឺខាងបរិស្ថានបានយកឈាមអ្នកស្លាប់ យកទៅពិនិត្យនៅសឹង្ហពួរ មើលអស់ហើយអត់មានស្យានីដនៅក្នុងឈាមទេ គឺជាតិពុលផ្សេងៗ ដែលក្រសួងសុខាភិបាលមានភារកិច្ចពិនិត្យនឹង គឺដូចគាត់និយាយចឹង គឺថ្នាំពុលសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ករណីពុលនេះ កើតឡើងនៅភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ចំនួនអ្នកស្លាប់ដោយសារករណីពុល បានកើនឡើងដល់១៣នាក់ និងជាច្រើននាក់ទៀត ត្រូវចូលសម្រាកនៅមន្ទីរពេទ្យ។
ដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីករណីពុលស្រា និងសង្ស័យពុលទឹកនៅខេត្តក្រចេះ ដោយរកឃើញថា សំណាកស្រាដែលត្រូវបានពិសោធ មានផ្ទុកជាតិមេតាណុលខ្ពស់ ដែលធ្វើឲ្យពុល៕