ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បច្ចុប្បន្នលោក សម រង្ស៊ី ព្រមទាំងអតីតមន្រ្តី និងអ្នកគាំទ្ររបស់លោក ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បើតាមច្បាប់ត្រង់មាត្រា១៤២ បានចែងថា ត្រូវផាកពិន័យ ៥លានរៀលដល់ ២០លានរៀល ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។
លោក សម រង្ស៊ី តែងតែលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សូមបងប្អូនកូនក្មួយ ដែលជាអ្នកស្នេហាជាតិ ដែលបានធ្វើដំណើរ មកដល់ផ្លូវបំបែក គឺត្រូវបត់ស្តាំតាមផ្លូវសង្គ្រោះជាតិ ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ កុំបត់ឆ្វេងតាម ហ៊ុន សែន ចង់បាន! ត្រូវបត់ស្តាំវិញ គឺបត់ចូលផ្ទះយើងវិញ ដោយមិនទៅបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ”។
តាំងពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ លោក សម រង្ស៊ី ឲ្យតែទៅដល់ប្រទេសណាក៏ដោយ តែងតែផ្ញើសារចេញពីទីនោះមកពលរដ្ឋខ្មែរ មិនឲ្យទៅបោះឆ្នោត ដោយថ្ងៃបោះឆ្នោតត្រូវដេកនៅផ្ទះ ដើម្បីបោះឆ្នោតឲ្យអតីតបក្ស សង្រ្គោះជាតិនៅក្នុងចិត្ត ។
សម្ដេច ស ខេង បានលើកឡើងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថា អាជ្ញាធរទាំងអស់ត្រូវយកចិត្ត ទុកដាក់ថែរក្សាសន្ដិសុខ សាធារណៈឲ្យបានល្អប្រសើរនៅថ្ងៃ២៩ កក្កដា ជាពិសេសត្រូវទប់ស្កាត់ ឲ្យបាននូវអំពើហិង្សា ណាមួយដែលអាចកើតឡើង ។
សម្ដេចក៏បានអំពាវនាវឲ្យពលរដ្ឋ និងមន្ដ្រីរាជការដែលមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតទាំងអស់ អនុវត្តន៍សិទ្ធិជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។
រដ្ឋមន្រ្តីមហាផ្ទៃបានថ្លែងទៀតថា ការអំពាវនាវឲ្យពលរដ្ឋទៅ ចូលរួមបោះឆ្នោតជារឿង ដ៏ត្រឹមត្រូវមួយ ស្របតាមស្មារតី រដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្ដីពីការបោះឆ្នោត ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “ចំពោះអ្នកដែលអំពាវនាវ ញុះញង់រារាំងប្រជាពលរដ្ឋ មិនឲ្យប្រជាពលរដ្ឋទៅចូលរួម បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាទី៦ នាពេលខាងមុខនេះ គឺជាទង្វើល្មើសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រ ត្រង់មាត្រា១៤២ ដែលបានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតដោយ ពុំគិតទោសផ្សេងៗទៀត” ។
សម្ដេចបន្ដថា ការទៅបោះឆ្នោត ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប ដែលសិទ្ធិទាំងនេះមាន ចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ពាក់ព័ន្ធចំពោះការបោះឆ្នោត ដូច្នេះបុគ្គលណាម្នាក់ ឬក្រុមណាមួយ មិនអាចហាមឃាត់ ពលរដ្ឋបោះឆ្នោតបានឡើយ ព្រោះការបោះឆ្នោតនៅថ្ងៃ២៩ កក្កដា មានសារៈសំខាន់សម្រាប់ជាតិ និងប្រជាជនខ្មែរ ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃ២៤ ឧសភា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានទទួលស្គាល់ការចុះបញ្ជី គណបក្សនយោបាយទាំង ២០ជាផ្លូវការហើយ ៕

