
សិង្ហបុរីៈ សារព័ត៌មានចិន CNA បានចុះផ្សាយនៅថ្ងៃអាទិត្យនេះថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសត្វចម្លែកៗ ដែលរស់នៅដែនសមុទ្រទឹកជ្រៅជាច្រើនប្រភេទ។
យ៉ាងហោចណាស់មានសត្វក្តាមតិចបំផុត១២ប្រភេទ ព្រោន និងបង្កងសមុទ្រជាច្រើន ត្រូវបានប្រមូលពីសមុទ្រទឹកជ្រៅ នៅក្នុងខេត្ត West Java បញ្ចូលក្នុងបញ្ជីឈ្មោះសត្វថ្មីសម្រាប់វិទ្យាសាស្ត្រ។ កំណត់ត្រាថ្មី ចំនួន៤០ ត្រូវបានកត់ត្រាសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

បេសកម្មនេះ មានរយៈពេល២សប្តាហ៍ ប៉ុន្តែវាត្រូវការរយៈ២ឆ្នាំ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបញ្ចប់ការសិក្សាទៅលើសត្វជាង១២.០០០ប្រភេទ ដែលខ្លះជាពពួកសត្វចម្លែកៗ និងខ្លះទៀតប្រភេទសត្វថ្មីៗ សម្រាប់វិទ្យាសាស្ត្រ ដែលសត្វទាំងនោះ ត្រូវបាននាំយកវាពីបាតសមុទ្រ Sunda Strait និងមហាសមុទ្រឥណ្ឌា។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី បានរួមគ្នា ដើម្បីធ្វើការស្រាវជ្រាវទៅលើប្រភេទសត្វចម្លែកៗ ដែលបាននំាមកពីសមុទ្រទឹកជ្រៅ និងនៅដែនទឹកនៃខេត្ត West Java ៕




