កំពង់ចាមៈ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ បានចុះណែនាំដល់អ្នកបើកបរ រថយន្តដឹកទំនិញ ចំនួន៣៦នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បន្ទាប់ពីជនទាំងនោះ បានប្រើប្រាស់គ្រឿងញៀន ខណៈបើកបររថយន្តតាមដងផ្លូវ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០១៨។
ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោឯម កុសល បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយការស្លាប់បាត់បង់ជីវិត និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តធំៗតាមដងផ្លូវ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចនគរបាល រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំងពេលយប់ និងពេលថ្ងៃ ត្រូវពិនិត្យធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធំៗ ទាំងព្រូ និងកម្មកររថយន្តផងដែរ។
លោកស្នងការ បានបន្តថា ចំពោះប្រតិបត្តិការណ៍រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ១៣-១៤ ខែឧសភា កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យលើរថយន្តចំនួន១៨៧គ្រឿង ក្នុងនោះសមត្ថកិច្ចធ្វើតេស្តរកឃើញ និងឃាត់ខ្លួនអ្នកមានផ្ទុកសារធាតុញៀនចំនួន៣៦នាក់ ក្នុងនោះអ្នកបើកបររថយន្ត១៥នាក់ និង២១នាក់ទៀតជាកម្មករ និងព្រូរថយន្ត។
លោកស្នងការ បានបញ្ជាក់ថា ចំពោះការរកឃើញសារធាតុញៀនលើអ្នកបើកបរ និងព្រូរថយន្តទាំងនោះ លោកអភិបាលខេត្ត និងលោកព្រះរាជអាជ្ញានៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ ពោលគឺគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ ប៉ុន្តែបើអ្នកទាំងនោះមិនព្រមរាងចាលទេ នៅតែប្រព្រឹត្តបន្តទៀតនោះ គឺអាជ្ញាធរនឹងចាត់វិធានការក្ដៅ ដោយមិនមានការលើកលែងឡើយ។
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អ្នកពាក់ព័ន្ធទាំងនោះ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន និងអំពាវនាវដល់អ្នកពាក់ព័ន្ធ ឲ្យទៅទទួលសេវាផ្តាច់ និងព្យាបាលគ្រឿងញៀន នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕