
ភ្នំពេញៈ ជនជាតិចិន២នាក់ ស្រវឹងជោកខ្លួន បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុកឡើងលើខឿន និងបុកបង្គោលស្លាកសញ្ញាប្រាប់ផ្លូវ បណ្តាលឲ្យជនជាតិចិនម្នាក់ ហោះបោកក្បាលនឹងកញ្ចក់រថយន្តបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចជិតស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ១៧១ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបានបុរស២នាក់ ដែលជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក Great Wall ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-3513 តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ហើយបើកបរក្រោមឥទ្ធិពលជាតិស្រវឹងផងនោះ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែក ក៏បានបួងចង្កូតបត់មិនទាន់ ទើបបើកទៅបុកឡើងលើខឿនចិញើមផ្លូវ និងបុកស្លាកសញ្ញាប្រាប់ផ្លូវ បណ្តាលឲ្យបាក់អស់១ដើម។ ចំណែកជនជាតិចិនម្នាក់ ក្នុងរថយន្តនោះ បានហោះទៅបោកក្បាលផ្ទប់នឹងកញ្ចក់រថយន្ត រីឯម្នាក់ទៀត បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹង។

ក្រោយពេលកើតហេតុ ជនជាតិចិន ដែលរងរបួសបានឡើងកង់បីជិះចេញទៅបាត់មុនពេលសមត្ថកិច្ចទៅដល់ទៀត។ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕



