header ads

Sponsor

<
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានចេញដីកាសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ក្នុងចំណោមបក្ខពួក៤ទៅ៥នាក់ ដែលបានប្រើអំពើហិង្សា ចាប់យុវជនម្នាក់ វាយយ៉ាងព្រៃផ្សៃ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទឈ្មោះ សុន ពិសាល ភេទប្រុស អាយុ២៥ឆ្នាំ មានឋានន្តរស័ក្តិជាព្រិន្ទបាលឯក និង មានតួនាទីជានាយរងផ្នែកបន្ទប់ពិសោធន៍នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត មានអាស័យដ្នានស្នាក់នៅផ្ទះលេខ២៦៣បេ ផ្លូវលេខ២៦១ សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សុន ពិសាល ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនមកតុលាការកាលពីថ្ងៃអាទិត្យទី២៧ ឧសភា ដើម្បីធ្វើការសាកសួរ ។ ក្នុងនោះក្រោយពីសាកសួររួច លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូង បានស​ម្រេចចោទប្រកាន់ឈ្មោះ សុន ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ១០៥កែង និងផ្លូវ ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ហើយសំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅឲ្យលោកចៅក្រម តុប ឈុនហេង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។

សូមបញ្ជាក់ថា ភាគីដែលថា ជាជនរងគ្រោះឈ្មោះ អ៊ឹម  បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កាលពីវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី២៤ ឧសភា មានការភ្ញាក់ផ្អើលនៅមុខហាងស៊ុបចង្កាក់ ផ្លូវលេខ១០៥ កែង និងផ្លូវ៣៦០ សង្កាត់បឹងកេងកង៣នោះ ដោយមានសមត្ថកិច្ចមួយក្រុមពី៤ទៅ៦នាក់ មានខ្លះស្លៀកពាក់ឯកសណ្ឋានជាមន្រ្តីនគរបានជាតិ និងខ្លះស៊ីវិល បានចាប់យុវជនម្នាក់ដាក់ខ្នោះ និងវាយដំទៅលើយុវជននោះ ដោយមិនទាន់បានដឹងមូលហេតុអ្វីច្បាស់លាស់។

បន្ទាប់មកសមត្ថកិច្ចមួយក្រុមនោះ បានគ្រៀកជនរងគ្រោះអូលចូលម៉ូតូកង់បីឥណ្ឌា នាំទៅកាន់ក្រសួងមហាផ្ទៃទាំងយប់។ ក្រោយពេលដឹកយុវជនរូបនោះ ទៅដល់ក្នុងបរិវេណក្រសួងមហាផ្ទៃហើយ មន្រ្តីនគរបាលមួយក្រុមនោះទំនងមើលទៅស្ថានភាព ជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក និងខ្លាចជនរងគ្រោះបាត់បង់អាយុជីវិត ពួកក៏បានជម្លៀសខ្លួនម្នាក់ម្តងគេចបាត់អស់ទៅ បន្សល់ទុកនៅយុវជននោះ ដែលដៃជាប់ខ្នោះដង្ហើមចង្រិត ឈមហូរសស្រាក់នៅលើម៉ូតូកង់ជាមួយម្ចាស់មូតូ ប្រៀបដូចជាយកយុវជននោះ យកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃដែរ។

ពេលនោះគេបានឃើញស្ត្រីម្នាក់ឈ្មោះ វត្តី អាយុ២៨ឆ្នាំ អះអាងថាជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបាននាំប្អូនប្រុសទាំងដៃជាប់ខ្នោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនបាយន្តក្បាលថ្នល់ ហើយបន្តិចក្រោយមកក៏បានដឹកចេញទៅកាន់មន្ទីរពេទ្យរដ្ឋ ។

សូមបញ្ជាក់ថា នាង វត្តី និងស្វាមី បានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវ បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូលិសមានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយដែលនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត ។

ភ្លាមៗនោះ​ នាង និងស្វាមី បានជិះម៉ូតូមកដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចបាននាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ បាត់ហើយ ភ្លាមនោះនាងស្វាមី ក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ដែរ តែសមត្ថកិច្ចប៉ុស្តិ៍នៅទីនោះ បានប្រាប់រឿងនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ ។ គ្រាន់តែនគរបាលប៉ុស្តិ៍ប្រាប់ដូច្នោះនាង វត្តី និងស្វាមីប្រញាប់ប្រញាល់ជិះម៉ូតូទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ច ដែលចាប់ខ្លួនប្អូនប្រុសរបស់នោះទេ។ ខណៈនោះរូបនាង និងស្វាមីបាននាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់ទៅ។

ពាក់ព័ន្ធករណីនេះ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយយុវជនរូបនោះស្លាប់បាត់ទៅហើយ ។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេងដែលនៅក្បែរផ្ទះនៅឯចោមចៅ ។ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេច ឧបនាយករដ្ឋមន្រ្តី ស ខេង  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃ តែម្ដង ។

ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះយកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឲ្យអាងខ្លួនមានអំណាចបុណ្យស័ក្តិ ចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែអំពើចិត្តបែបនោះ ។

នៅក្រសួងមហាផ្ទៃក៏ដូចនៅតុលាការឈ្មោះ សុន ពិសាល បានឆ្លើយថា កាលពីថ្ងៃទី២២ ឧសភា ឈ្មោះ ធា បានយកម៉ូតូ១គ្រឿងម៉ាកប៊ីតពណ៏ខៀវ ជាកម្មសិទ្ធិរបស់ឈ្មោះ ផេង យុត្ថាណា ភេទប្រុស អាយុ៣២ឆ្នាំ ទៅដាក់បញ្ចាំ ។ លុះថ្ងៃទី២៣ ឧសភា ឈ្មោះ ផេង យុត្ថាណា បានពឹងពាក់ឈ្មោះ ធា ឲ្យដើរជួយរក ទើបឈ្មោះ ធា និងបានណាត់ឈ្មោះ ញ៉ា ( អ៊ឹម បញ្ញា ) ជួបនៅក្រោយសាលាបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ពេលនោះឈ្មោះ បញ្ញា បានសន្យាថា នាំទៅជួយរកឈ្មោះ ធា តែរកមិនឃើញ ។ ដូច្នោះហើយបានជាខ្លួន(សុន ពិសាល) និង បក្ខពួក១ក្រុមបានទាក់ទងទៅមេខាងលើ ក៏មានបញ្ជាឲ្យនាំឈ្មោះ បញ្ញា យកទៅក្រសួងដើម្បីសាកសួរបន្តទៀត ប៉ុន្តែនៅពេលក្រុមគេ(សមត្ថកិច្ច)ដឹកឈ្មោះ បញ្ញា ដល់ចំកើតហេតុគេបានលោតចុះពីលើម៉ូតូ ហើយរត់ចូលហាងស៊ុបចង្កាក់ ក៏ត្រូវក្រុមសមត្ថកិច្ចតាមចាប់មកវិញធ្វើឲ្យមានការភ្ញាក់ផ្អើល និង មានរឿងដូច្ចេះកើតឡើងទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post