
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលគណបក្សប្រជាជន ចាប់សន្លឹកឆ្នោតបានលេខ២០នេះ គឺជាលេខរៀងមួយ ដែល "ងាយចាំ ងាយគិត ងាយគូរ" ហើយវា ហាក់ដូចជាគាប់ជួនខ្លាំងណាស់ ព្រោះឆ្នាំនេះជាខួប២០ឆ្នាំនៃការរកបានសន្តិភាពទាំងស្រុង និងខួប២០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដោយក្រុមខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន បានដឹកនាំគ្នាមកចុះចូលជាមួយសម្តេចដល់ផ្ទះតែម្តង។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងគ្រាដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពី តំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបលេខរៀងទី២០នេះ ថាជាលេខកូនពៅ ដែលតាមទំនៀមទម្លាប់ខ្មែរកូនពៅ តែងតែនៅថែរក្សាឪពុកម្តាយ។ ដូច្នេះសម្តេចជឿថា លេខរៀងកូនពៅនេះ នឹងនៅរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាបន្តទៅទៀត។
សម្ដេចតេជោ ជាថ្មីម្តងទៀតបាន លើកឡើងថា សម្ដេចនឹងបន្ដដឹកនាំប្រទេសក្នុងឋានៈជានាយករដ្ឋមន្ដ្រី យ៉ាងតិច១០ឆ្នាំទៀត ហើយសម្ដេចសង្ឃឹមថា កម្មករ កម្មការិនី នឹងបន្ដបោះឆ្នោតគាំទ្រសម្ដេច។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើពិធីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតដោយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ នៅសាលប្រជុំអគារ S នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយទាំង២០ និងអង្គការជាតិ និងអន្តរជាតិ។
លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត មានដូចខាងក្រោម៖
លេខរៀងទី១៖ ខ្មែររួបរួមជាតិ
លេខរៀងទី២៖ មាតុភូមិយើង
លេខរៀងទី៣៖ ពន្លឺថ្មី
លេខរៀងទី៤៖ សញ្ជាតិកម្ពុជា
លេខរៀងទី៥៖ ខ្មែរក្រោក
លេខរៀងទី៦៖ សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លេខរៀងទី៧៖ ប្រជាធិបតេយ្យមូលដ្ឋាន
លេខរៀងទី៨៖ សាធារណរដ្ឋប្រជាធិបតេយ្យ
លេខរៀងទី៩៖ រស្មីខេមរា
លេខរៀងទី១០៖ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
លេខរៀងទី១១៖ ខ្មែរសាធារណរដ្ឋ
លេខរៀងទី១២៖ ខ្មែរឈប់ក្រ
លេខរៀងទី១៣៖ ហ៊្វុនស៊ិនប៉ិច
លេខរៀងទី១៤៖ ខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
លេខរៀងទី១៥៖ យុវជនកម្ពុជា
លេខរៀងទី១៦៖ ធម្មាធិបតេយ្យ
លេខរៀងទី១៧៖ ឆន្ទៈខ្មែរ
លេខរៀងទី១៨៖ ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
លេខរៀងទី១៩៖ ខ្មែរតែមួយ
លេខរៀងទី២០៖ ប្រជាជនកម្ពុជា ៕
