Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដោយសារផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆាបឆេះផ្ទះអស់ទាំងស្រុងតែម្ដង នាវេលាម៉ោង៩៖១៦នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិទួលរការ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

អភិបាលស្រុកបរិបូរណ៍ លោក ឃួន សាវរុំ ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែឧសភានេះថា ផ្ទះរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភយឆាបឆេះអស់គ្មានសល់ខាងលើ មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ មានជញ្ជាំងប្រកស្លឹក រនាបក្តារ ជាកម្មសិទ្ធិរបស់ពលរដ្ឋឈ្មោះ ជាម សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ។

លោកបន្តថា គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ដែលទុកនៅជិតចង្ក្រានដាំបាយ ខណៈម្ចាស់ផ្ទះបើកចោល ហើយនាំគ្នាទៅមើលលើទូរទស្សន៍ផ្ទះបងប្អូន ទើបបណ្តាលឲ្យភ្លើងចង្ក្រាននៅសល់ឆាបឆេះ តែសំណាងល្អមិនមានរងរបួស ឬបាត់បង់ដល់អាយុជីវិតមនុស្ស ដោយគ្រាន់តែខូចខាតសម្ភារៈផ្ទះអស់ស្រូវ៥០ថាំង និង៤ការ៉ុងទៀត ខោ និងអាវ ឆ្នាំងចានបាយ ឆ្នាំងសម្ល ដោយមិនមានរថយន្តពន្លត់អគ្គិភ័យទៅទាន់ឡើយ។

ទោះជាបែបណា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដោយបាញ់ទឹកអស់ចំនួន៥រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ខាងលើបានទាំងស្រុង ដើម្បីទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

អភិបាលស្រុក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះអគ្គិភ័យដោយមុនចេញដំណើរពីផ្ទះត្រូវពិនិត្យមើលនៅភ្លើងចង្ក្រាន ត្រូវបិទបារ៉ែតភ្លើង និងតាមបណ្តាស្ថានីយ៍លក់ប្រេង និងហ្គាស ត្រូវមានបំពង់សម្រាប់ពន្លត់អគ្គិភ័យ បង្ការត្រៀម ពិសេសនៅតាមផ្ទះ ដែលមានឆ្អើរត្រី ត្រូវមានទឹកដាក់តាមពាងឲ្យពេញៗ បំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមខ្លាចមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ព្រោះរដូវនេះជារដូវក្តៅខ្លាំង ហើយរាំងស្ងួតទៀតផង។

ដោយឡែក នាយប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ ឲ្យដឹងថា អំណោយជាសម្ភារៈបានត្រៀមរួចជាស្រេច ដោយបានសហការជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅស្រុកបរិបូរណ៍ ហើយនៅព្រឹកស្អែកនេះ នឹងដឹកយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដោយផ្ទាល់ដៃជនរងគ្រោះដោយភ្លើងឆេះផ្ទះអស់ថ្ងៃនៅម្សិលមិញនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor