
ក្រចេះ៖ ជីតាម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីរងការវាយប្រហារពីសំណាក់ចៅចិត្តតិរច្ឆាន ដែលខឹងតាស្ដីបន្ទោសបន្តិចបន្តួចរឿងស្នួលខោលអាវ។
ហេតុការណ៍ចៅចិត្តខ្លាំង ហ៊ានលើកពូថៅវាយជីតានេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានករណីហិង្សាដោយចេតនា (មានស្ថានទម្ងង់ទោស) បង្កឡើងដោយជនសង្ស័យត្រូវជាចៅ បានយកពូថៅវាយខាងខ្នង ចំក្បាល១ពូថៅ បណ្តាលឲដួលសន្លប់។ ជីតាឈ្មោះ ធូ ឈីម ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរជរា នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចបញ្ជាក់ថា អំពើហិង្សានេះ កើតឡើងដោយសារចៅខឹងជីតាស្តីបន្ទោសឲ្យតិចតួចរឿងស្នួលខោអាវ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ រីឯជនសង្ស័យរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏កំពុងកំណត់មុខសញ្ញាតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ហើយផងដែរ៕
