
កំពង់ស្ពឺៈ រថយន្តដឹកទំនិញ១គ្រឿង សង្ស័យអ្នកបើកបរងងុយដេក១ភាំង រេចង្កូតក្រឡាប់ទទឹងផ្លូវ បណ្តលាឲ្យកកស្ទះចរាចរណ៍មួយសន្ទុះធំ តែសំណាងគ្មានមនុស្សរងរបួស។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១ និង១០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2392 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-3200 បើកបរដោយឈ្មោះ អន សុខនាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលិច ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចខាងលើ សង្ស័យតៃកុងងងុយដេកមួយភាំង ស្រាប់តែរេចង្កូតក្រឡាប់ទទឹងផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុបន្តិច នគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងបានឲ្យម្ចាស់រថយន្តហៅរថយន្តផ្សេងមកសាងអីវ៉ាន់ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ៕


