
ភ្នំពេញៈ មន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ ត្រូវបានចាប់បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់គំរាមសន្តិសុខឯកជនម្នាក់ ដោយមិនមានមូលហេតុច្បាស់លាស់ ។
ជនដៃដល់ឈ្មោះ ផន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ១៤៤ AE1 ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ ចំណែកដើមបណ្ដឹងរឿងក្ដីនេះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅតូបលេខ ៤៥ ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាសន្តសុខផ្សារផ្លាហ្សា។ សំណុំរឿងនេះព្រះរាជអាជ្ញាអមតុលាការ កំពុងសាកសួរនៅឡើយ ។

ទាក់ទិននិងករណីប្រើកាំភ្លើងបាញ់គំរាមនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៦ឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច ឈ្មោះ អន សារី បានជិៈម៉ូតូដឹកកូនស្រី អាយុ៣ឆ្នាំម្នាក់ ដើរមើលក្នុងផ្សារ លុះមកដល់មុខតូបលេខ៧១៩០ ក៏បានជួបឈ្មោះ ផន សុផល ជិៈម៉ូតូ១គ្រឿង ពាក់ស្លាកលេខនគរបាល ហើយឈ្មោះ ផន សុផល បានដកកាំភ្លើងខ្លី ម៉ាកK54 បាញ់តម្រង់ជើងខ្លួនមួយគ្រាប់តែមិនផ្ទុះ បន្ទាប់មកក៏បាញ់មួយគ្រាប់ទៀតឡើងលើ ហើយក៏ជិៈម៉ូតូគេចខ្លួនបាត់ទៅ ។
ប្រភពបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី ២៧ឧសភា នគរបាលខណ្ឌដូនពេញ បានសហការជាមួយនគរបាលខណ្ឌព្រែកព្នៅ បានចុះទៅនាំខ្លួនជនសង្ស័យឈ្មោះ ផន សុផល ជាមួយនិងកាំភ្លើងខ្លីមួយដើម ម៉ាកK54 លេខ៩១៩២ បញ្ជូនមកនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងសម្រេចតាមច្បាប់៕