
ភ្នំពេញៈ មានការកត់សម្គាល់យ៉ាងខ្លាំង ដោយមួយរយៈចុងក្រោយនេះ នៅពេលដឹងថា ក្រុមកំប្លែងនាយ កុយ ដ៏ល្បីឈ្មោះក្នុងប្រទេសនោះ ស្រាប់តែបាត់បង់ការសម្ដែងកំប្លែងនៅកម្មវិធីកម្សាន្ត "មន្តស្នេហ៍សំនៀង" ប្រចាំស៊ីធីអ៊ិន ដែលធ្លាប់ឈរជើងរាប់ឆ្នាំ។ ការចាកចេញពីកម្មវិធីមួយនេះ ត្រូវបានគេដាក់សម្ពាធថា បណ្តាលមកពីក្រុមនាយ ពាក់មី ជាក្រុមកំប្លែងរបស់ស៊ីធីអ៊ិន មានស្រាប់។ ចំណុចនេះ ត្រូវបាននាយ កុយ ច្រានចោលថា មិនមែនដូចការលើកឡើងនេះឡើយ។

នាយ កុយ បាននិយាយថា “ខ្ញុំបានជួបលោកឧកញ៉ាម្នាក់ ហើយគាត់ថា គាត់នឹងជួយយើងផ្នែកកំប្លែងនេះ តាមរយៈការបើកជា TV តាម Online ហើយគាត់មានកម្មវិធីដាក់ផ្នែកកំប្លែងយើងទៅ ដើម្បីកុំឲ្យមានការធ្លាក់ចុះដូចពេលនេះ។ សម្រាប់ខ្ញុំ ដែលចូលសិល្បៈជាង៣០ឆ្នាំមកហើយនេះ ខ្ញុំយល់ថា អាជីពកំប្លែងយើងត្រូវតែមាន មិនអាចអត់បានទេ ព្រោះអីការកំប្លែង យើងមានការអប់រំ ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមយើង នាសម័យកាលនីមួយៗហ្នឹង ឲ្យបងប្អូនបានឃើញ។ តែចុងក្រោយនេះ ខ្ញុំយល់ថា ប្រសិនបើដូចពេលនេះទៀត អាជីពកំប្លែងនឹងអាចប្រឈមការបាត់បង់ជាមិនខាន ដោយសារយើងធ្លាក់ចុះជាងមុន”។ យ៉ាងណា នាយ កុយ មិនបានប្រាប់ពីឈ្មោះឧកញ៉ានោះ ជានរណានោះទេ។

នាយ កុយ បន្តថា “ការចេញក្រុមនាយ ពាក់មី មក ពួកខ្ញុំនៅតែមានទីផ្សារលេងអ៊ីចឹង ប្រាក់ចំណូលក៏មិនជាធ្លាក់ចុះដែរ ព្រោះខ្ញុំយល់ថា មនុស្សមួយនគរ គេមិនមែនមានការគាំទ្រតែលើអ្នកណាម្នាក់ៗផ្តាច់ទេ។ ការគាំទ្រមានរៀងៗខ្លួន”។

បែបណាក្ដី នាយ កុយ ហាក់អន់ចិត្តជាមួយខាងស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន ដោយលោកបញ្ជាក់ថា “ខ្ញុំមានការអន់ចិត្តដែរ ពេលដែលខ្ញុំជ្រើសរើសក្រុមកំប្លែងនាយ ពាក់មី នៅ CTN បានហើយ ពេលនេះ CTN លែងមានកម្មវិធីឲ្យខ្ញុំលេងជិត១ឆ្នាំហើយ។ ខ្ញុំចង់ឲ្យគាត់គួរតែមានកម្មវិធីណាមួយសម្រាប់ក្រុមខ្ញុំវិញដែរ ដើម្បីឲ្យបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ CTN”។

ក្រោយមានតម្រុយចូលមកកាន់នាទីកំប្លែងតាមបណ្ដាញសង្គម អ្នកគាំទ្រក្នុង និងក្រៅប្រទេស រំពឹងថា ក្រុមរបស់តារាកំប្លែងភ្នែកតូចនេះ នឹងចាប់ផ្តើមមានប្រជាប្រិយភាពឡើងវិញ ដើម្បីតបការស្រឡាញ់សិល្បៈរបស់នាយ កុយ មួយផ្នែក និងជួយកូនក្រុមឲ្យមានទីផ្សារឡើងវិញ៕




