Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ បុរសជនជាតិចិន២នាក់ ត្រូវបានបុរសជាជនជាតិខ្មែរម្នាក់ កាប់ជាច្រើនកាំបិតប៉័ងតោ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលករណីនេះសង្ស័យជម្លោះរឿងប្រាក់ខែ។

ជាមួយគ្នានេះ បុរសជាខ្មែរក៏រងរបួសផងដែរ ដោយសារតែមានការប្រតាយប្រតប់គ្នា។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសខ្មែរ យកទៅសាកសួរផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៨ និង១០នាទីព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុក សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ជននេះបានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិន២នាក់ ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ចំណែកជនរងគ្រោះ ទី១-ឈ្មោះ LU KAI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរលក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងទី២-ឈ្មោះ SHI SHOU ZHENG ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិក សឹង រិទ្ធិរ៉េត។

ប្រភពព័ត៌មានបន្ថែមថា ករណីនេះ ទំនងជាជនសង្ស័យខឹងនឹងជនរងគ្រោះដែលនិយាយកុហកខ្លួន ច្រើនលើករឿងប្រាក់ខែ ពីព្រោះជនសង្ស័យជាអ្នកបើករថយន្តឲ្យជនរងគ្រោះខាងលើ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីរិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor