
ភ្នំពេញៈ ស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បានស្នើឲ្យនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងសិក្សា នៅឥណ្ឌូនេស៊ី ឲ្យមានការប្រុងប្រយ័ត្នក្រោយពីមានការបំផ្ទុះគ្រាប់ធ្វើអត្តឃាតនៅទីក្រុង Surabaya នៃខេត្ត Java ខាងកើត នៃប្រទេសឥណ្ឌូនេស៊ី។
កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមភេរវករបានបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមានមនុស្សស្លាប់ នៅឯព្រះវិហារ៣កន្លែងនៅ Surabaya អស់១៣នាក់ និងមានអ្នករងរបួសជាច្រើននាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំឥណ្ឌូនេស៊ីនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា “ស្ថានភាពសន្តិសុខនៅក្នុងរយៈពេលចុងក្រោយនេះ ឥណ្ឌូនេស៊ី ស្ថានទូតសូមស្នើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងមានវត្តមានក្នុងប្រទេសឥណ្ឌូនេស៊ីមានការប្រុងប្រយ័ត្ន និងបើពុំមានការចាំបាច់ សូមជៀសវាងទីតាំងមួយចំនួន”។
កន្លែងហាមឃាត់នោះ ដូចជាស្ថានីយរថភ្លើង តំបន់ក្បែរទីស្នាក់ការប៉ូលីស ព្រះវិហារ Catholic និងទីប្រជុំជននានា ដែលអាចជាទីតាំងមិនមានសុវត្ថិភាព៕
