header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តបាឡែន ជាង១០គ្រឿង ដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នឹងបង្ក្រាបឡើយ ដែរឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចាប់ពីស្រុកបកែវរហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ជាក់ស្តែងនាព្រឹកប្រលឹម ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ គេបានឃើញរថយន្តឡិចសុីស វីហ្គោរ និងបាឡែន ដឹកជញ្ជូនឈើប្រណីតយ៉ាងកគ្រឹកកគ្រេងទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយសមត្ថកិច្ចដែលយាមតាមដងផ្លូវជាតិទាំងនោះ រួមមាន នគរបាលក្រសួងមហាផ្ទៃ យោធាស្រុក យោធាខេត្ត យោធាវរការពារព្រំដែនគោកលេខ១០២ នគរបាលការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ដែលឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ មិនបានទប់ស្កាត់នោះទេ។

បើរថយន្តដឹកឈើមួយណាមិនបានប្រាប់សមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាតិលេខ៧៨ នៅស្រុកអូរយ៉ាដាវនោះ គេនឹងបង្ក្រាបភ្លាមៗតែម្តង។

រថយន្តដែលដឹកឈើប្រណីតទាំងនេះ គឺសុទ្ធតែមានពាក់ស្លាកលេខសម្គាល់ឲ្យសមត្ថកិច្ចបានដឹង ដោយទី១-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លា្លកលេខ 4384 ទី២-រថយន្ត បាឡែន (ពណ៌ត្រេអុី) ពាក់ស្លាកលេខ 6381 ទី៣-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ 9636 ទី៤-រថយន្ត បាឡែន (ពណ៌ប្រផេះ) ពាក់ស្លាកលេខ 8531 ទី៥-រថយន្តបាឡែន (ពណ៌ខ្មៅអត់ស្លាកលេខមុខក្រោយ) ទី៦-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ 8335 ទី៧-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ 8355 ទី៨-រថយន្ត ឡិចសុីស470 (ពណ៌ខ្មៅ) ពាក់ស្លាកលេខ ភ្នំពេញ 2N-0340 ទី៩-រថយន្ត បាឡែន (ពណ៌ស) ពាក់ស្លាកលេខ 1620 ទី១០-រថយន្ត បាឡែន (ពណ៌ស អត់ស្លាកលេខមុខក្រោយ) និងទី១១-រថយន្ត វីហ្គោរ (ពណ៌ខ្មៅ) ពាក់ស្លាកលេខ ភ្នំពេញ 2D-8641។

ជុំវិញករណីខាងលើនេះ លោក ធឿន ប្រធានក្រុមគោលដៅ កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ថា ដោយសារលោកពុំមានកម្លាំងគ្រប់គ្រាន់ទៅទប់ស្កាត់រថយន្តដឹកឈើទាំងនោះទេ គឺមានកម្លាំងពីបីនាក់ប៉ុណ្ណោះ ហើយថ្នាក់លើមិនបានឲ្យកម្លាំងរបស់លោកធ្វើសកម្មភាពដេញឡានណាមួយទេ។

លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់លោកចុចចូលតែមិនមានអ្នកទទួល។

ចំណែក លោក អ៊ី ចំរើន ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ថា លោកកំពុងជាប់មកបេសកកម្មនៅភ្នំពេញ ឲ្យទៅសួរលោកប្រធានស្នាក់ការនៅច្រកទ្វារទៅ លោកមានតួនាទីជាអនុប្រធានទេ។

ដោយឡែក លោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានឲ្យដឹងតាមទូរស័ព្ទថ្ងៃដដែលនេះ ថា លោកមិនបាននៅច្រកទ្វារនោះទេ ឲ្យទៅសួរនគរបាលអន្តោប្រវេសន៍ជាអ្នកកាន់បារ៉ាសនោះទៅ គាត់ជាប់រវល់នៅឆ្ងាយ។

រូបភាពនេះ គឺសបញ្ជាក់ឲ្យឃើញថា សមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរអូរយ៉ាដាវមួយនេះ មិនទទួលខុសត្រូវចំពោះបទល្មើសព្រៃឈើដែលបានហូរចូលយ៉ាងកគ្រឹកកគ្រេងនេះទេ ហើយនៅពេលអ្នកសារព័ត៌មានសួរនាំ គឺសមត្ថកិច្ចទាំងនេះឆ្លើយរុញដាក់គ្នាទៅវិញទៅមក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post