
ភ្នំពេញៈ ពិតជាថ្ងៃស៊យហើយ សម្រាប់លោកចោរ២នាក់ ដែលបានធ្វើសកម្មភាពបានសម្រេច តែស៊យជនរងគ្រោះជិះរថយន្តដេញបុក បណ្ដាលឲ្យបាក់ជើង ហើយត្រូវជាប់ខ្នោះទៀត។ ហេតុការណ៍ឆក់នេះ កើតឡើងនៅវេលាម៉ោងប្រហែល៩៖៣០នាទីយប់ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវលេខ៦០៦ កែងផ្លូវលេខ៣១៣ ក្រុមទី៣៨ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាចោរឆក់ទាំង២ រួមមាន ១-ឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ (រងរបួស-បាក់ភ្លៅខាងឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ និង២-ឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅពុំពិតប្រាកដ។

ចំណែក វត្ថុតាងចាប់យក មានម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-4045, សោទីបលេខ៨ សំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូចំនួន១ (ចាប់យកពីឈ្មោះ ឡែតពន្លក ហៅ ខ្មៅ)។ ជនរងគ្រោះឈ្មោះ សុខ ធី មុខរបររត់តាក់ស៊ី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ (ក្រោយកើតហេតុ ពុំបានដាក់ពាក្យបណ្ដឹងទេ ដោយបើករថយន្តចេញទៅបាត់)។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមួយគ្រឿងម៉ាក COROLA ពណ៌ទឹកមាស ពុំច្បាស់ស្លាកលេខ តាមបណ្ដោយផ្លូវ៦០៦ លុះពេលមកដល់ចំណុចផ្លូវលេខ៦០៦ កែង៣១៣ កន្លែងកើតហេតុ ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃមកនិយាយលើរថយន្តបណ្ដើរ បើករថយន្តបណ្ដើរ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក Super CVT ពណ៌ខ្មៅ មកពីក្រោយខាងស្ដាំរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ ជាអ្នកជិះពីខាងក្រោយ បានជិះមកអែបខាងស្ដាំដៃជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឡែត ពន្លក បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីដៃរបស់ជនរងគ្រោះបានសម្រេច។

ភ្លាមនោះ ជនរងគ្រោះក៏បើករថយន្តតាមពីក្រោយជនសង្ស័យ រួចដេញបំបុកម៉ូតូរបស់ជនសង្ស័យទាំងពីរនាក់ បណ្ដាលឲ្យដួលម៉ូតូ បណ្ដាលឲ្យបាក់ជើងខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី។ ភ្លាមៗនោះ ជនរងគ្រោះបានមកយកទូរស័ព្ទពីដៃជនសង្ស័យទាំងពីរនាក់ យកទៅវិញ រួចបើករថយន្តចាកចេញទៅបាត់ទៅ ដោយពុំបានដាក់ពាក្យបណ្ដឹងទេ។ ចំណែកជនសង្ស័យទាំងពីរ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ចាត់ការតាមផ្លូវច្បាប់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ វ៉ែន ប៉ានលី ហៅ ទូ ដោយសារជើងភ្លៅខាងឆ្វេងបាក់ ក៏ត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកជនសង្ស័យឈ្មោះ ឡែត ពន្លក ហៅ ខ្មៅ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕






