header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ត្រូវក្រុមជនសង្ស័យមួយក្រុម មានគ្នា៥ទៅ៦នាក់ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចបន្តិចឡើយ។ ហើយអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺពេលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង បែរសមត្ថកិច្ចចាក់សោទ្វាររបងជុំវិញប៉ុស្ដិ៍ ធ្វើឲ្យជនរងគ្រោះអង្គុយចាំជាច្រើនម៉ោង ទើបចេញមកបើកទ្វារទទួលពាក្យបណ្ដឹង។

ករណីវាយប្លន់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបត់ចូលក្រុមហ៊ុនស៊ីនទ្រី តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអូសបន្លែនៅផ្សារច្បារអំពៅ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម៉ូតូ ដែលត្រូវជនសង្ស័យប្លន់យកបាត់នោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-6481។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ រូបគេទើបតែមកពីផ្ទះមិត្តភ័ក្តនៅឯចោមចៅ បំណងទៅផ្ទះនៅច្បារអំពៅ។ លោក សៅ សុខហេង បញ្ជាក់ថា ពេលខ្លួនជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៥ទៅ៦នាក់ មកធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ បណ្ដាលឲ្៩យរូបគេរងរបួសបែកចិញ្ចើម។

ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែជនរងគ្រោះបែរជួបរឿងគួរឲ្យសោកស្ដាយ និងហួសចិត្ត ព្រោះសមត្ថកិច្ចចាក់សោទ្វាររបងជុំវិញប៉ុស្ដិ៍ ដេកលក់យ៉ាងស្កប់ស្កល់ធ្វើប្រងើយ មិនខ្វល់ពីអ្វីទាំងអស់ ទោះបីជនរងគ្រោះខំស្រែកហៅក៏មិនឮធ្វើឲ្យជនរងគ្រោះអង្គុយចាំរាប់ម៉ោង។ លុះក្រោយមក ដោយសារមានការភ្ញាក់ផ្អើល ទើបមានសមត្ថកិច្ចម្នាក់ ចេញមកបើកទ្វាររបង និងហៅជនរងគ្រោះទៅសួរនាំ និងដាក់ពាក្យបណ្ដឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post