
ភ្នំពេញៈ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ប្រមាណជាង៣ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹក ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកឈ្មោះរបស់តារាចម្រៀង លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy ដែលបានក្លាយជាម្ចាស់បុរី មកសរសើរនៅក្នុងពិធីគួរឲ្យភ្ញាក់ផ្អើល ខណៈដែលនេះជាគឺជារឿងកម្រ ដែលប្រមុខរដ្ឋាភិបាលលើកឈ្មោះអ្នកសិល្បៈជោគជ័យមួយរូប យកមកសរសើរកណ្ដាលពិធី។ ការលើកឡើងរបស់សម្ដេច ក៏ព្រោះតែគេបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេង។

សម្ដេចលើកឧទាហរណ៍ពី លោក ឡេង ណាវ៉ាត់ត្រា ដែលគ្រាន់តែជាអតីតពលករបម្រើការនៅក្នុងប្រទេសកូរ៉េ ហើយបានសន្សំលុយកាក់ទិញដីធ្លី រហូតទទួលបានប្រាក់ចំណេញក្លាយជាម្ចាស់បុរីធំមួយនាពេលបច្ចុប្បន្ន។ សម្ដេចបានសរសើរ លោក ឡេង ណាវ៉ាត់ត្រា ម្ដងហើយម្ដងទៀត នៅក្នុងពិធី ដោយបានទាំងអះអាងថា សម្ដេចបានខលទៅលោក ឡេង ណាវ៉ាត់ត្រា ដោយផ្ទាល់នោះផង នៅពេលដែលលោកមានបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចបន្តថា សម្ដេចមានការរំភើបចិត្តនឹងតារាចម្រៀងរូបនេះយ៉ាងខ្លាំង ដោយបានបញ្ជាក់ថា អ្នកដែលមានការតស៊ូ និងមានគំនិតបែបនេះ គឺត្រូវតែជួយបំផុស និងលើកទឹកចិត្ត។

ជាមួយនឹងការលើកឡើងរបស់សម្ដេច លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា រំភើបចិត្តយ៉ាងខ្លាំង ដែលការតស៊ូរបស់លោកត្រូវបានប្រមុខដឹកនាំកំពូល គឺសម្ដេចនាយករដ្ឋមន្ត្រីទទួលស្គាល់ និងបានលើកយកឈ្មោះរបស់លោកមកប្រកាសនៅក្នុងពិធីនេះ ដែលលោកថា នេះជាគឺជាមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ចាប់តាំងពីលោកបានបញ្ចប់ការងារជាពលករនៅក្នុងប្រទេសកូរ៉េ ហើយបានត្រលប់មករស់នៅប្រទេសកំណើត។ មកទល់ពេលនេះ លោកថាខ្លួនពិតជាបានទទួលជោគជ័យក្នុងគម្រោងសង់បុរីដាក់លក់នៅលើទីផ្សារពិតមែន ដោយបានទាំងពង្រីកទីតាំងពីមួយទៅមួយ នាពេលចុងក្រោយ។ យ៉ាងណាមិញ លោកថា មិនអាចដកខ្លួនពីសិល្បៈ និងការងារសង្គមបានទេ ទើបលោកនៅតែបន្តផលិតចម្រៀងក្នុងផលិតកម្ម Galaxy និងបានរួមចំណែកជួយសង្គមជាច្រើន បូករួមទាំងបរិច្ចាគជួយដល់កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផាមុននេះ។

លោកថា ការសរសើររបស់សម្ដេចនាយរដ្ឋមន្ត្រី គឺជាកម្លាំងចិត្តដ៏ធំក្នុងជីវិតរបស់លោក ហើយលោកក៏នឹងរួមចំណែកក្នុងការវិនិយោគលើគម្រោងបុរី និងជួយដល់សង្គមឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ ដើម្បីចែករំលែកបទពិសោធន៍តស៊ូដល់ក្រុមពលករជាច្រើនផ្សេងទៀត៕





