
ភ្នំពេញៈ បុរសម្នាក់ ឈ្មោះ លន់ តាំងគិន អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខG29 ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលជាប់សង្ស័យពីបទឆបោកប្រាក់ និងបទក្លែងលិខិត ត្រូវបាននគរបាលក្រសួងមហាផ្ទៃដឹកទៅដឹកមកតុលាការ២ថ្ងៃជាប់គ្នាហើយ តែតុលាការមិនទាន់សម្រេចបែបណាទេ រហូតដល់រសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៨នេះ។
ពាក់ព័ន្ធករណីនេះ គឺសមត្ថកិច្ចមិនបានចាប់ខ្លួនលោក លន់ តាំងគិន ទេ គឺឈ្មោះ ដៀប វាសនា ដែលជាអ្នករកស៊ីជាមួយគ្នានាំលោក លន់ តាំងគិន មកប្រគល់ឲ្យប៉ូលិសប៉ុណ្ណោះ ទើបសមត្ថកិច្ចបញ្ជូនមកឲ្យតុលាការសម្រេចតាមច្បាប់។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា បើតាមបណ្ដឹងរបស់ឈ្មោះ ដៀប វាសនា ជាអ្នករកស៊ីទិញលក់ឈើ បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅឈ្មោះ លន់ តាំងគិន បានប្រាប់ថា គាត់ជាម្ចាស់ដើមអាកាស្យា ដែលបានដេញថ្លៃបានពីរដ្ឋ ហើយក្រសួងកសិកម្មបានចេញ ស.ជ.ណ ឲ្យក្រុមហ៊ុនបុត្រខ្មែរអង្គរអភិវឌ្ឍន៍ ដែលមានឈ្មោះ លន់ តាំងគិន ជាម្ចាស់ ដើម្បីកាប់ប្រមូលផល និងដាំដុះដើមអាកាស្យារបស់រដ្ឋចំនួន៦ខេត្តនៅទូទាំងប្រទេស។
ប្រភពបានឲ្យដឹងទៀតថា ដោយមើលឃើញពីការចំណេញកប់ក្ដោងលើចម្ការអាកាស្យានេះ ឈ្មោះ ដៀប វាសនា ព្រមព្រៀងជាមួយ លន់ តាំងគិន ទិញដើមអាកាស្យាទាំងអស់ ក្នុងគោលបំណងកាប់ដឹកជញ្ជូនចេញទៅលក់នៅក្រៅប្រទេស ក្នុងតម្លៃប្រាក់ចំនួន១៧ម៉ឺនដុល្លារ ដោយមានកិច្ចសន្យាលាយលក្ខ័អក្សរត្រឹមត្រូវ ហើយឈ្មោះ លន់ តាំងគិន បានទាមទារប្រាក់មុនដើម្បីរៀបចំឯកសារឲ្យ លុះដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ឈ្មោះ លន់ តាំងគិន បានយកលិខិតទីស្តីការគណរដ្ឋមន្រ្តី លេខ៥៥ ស.ជ.ណ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ យកមកប្រគល់ឲ្យឈ្មោះ ដៀប វាសនា តាមការសន្យាហើយពួកគេក៏បែកគ្នាទៅ។ បន្ទាប់មកឈ្មោះដៀប វាសនា បានយកលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនោះទៅសួរនាំមន្ត្រី ដើម្បីខ្លួនកាប់ដើមអាកាស្យាបាន ក៏ត្រូវបានគេប្រាប់ថា ជាលិខិតក្លែងទេ រដ្ឋមិនដែលចេញលិខិតចំកួតបែននេះទេ ទើបឈ្មោះ ដៀប វាសនា ដឹងខ្លួនថា ចាញ់បោកឈ្មោះ លន់ តាំងគិន ក៏តាមស្វែងរកគ្រប់ទិសទី រហូតដល់ថ្ងៃទី ១២ឧសភា ឆ្នាំ២០១៨ក៏ជួប ហើយក៏នាំមកប្រគល់ឲ្យនគរបាលតែម្ដង។
ដោយសាររឿងហេតុបែបនេះហើយ ទើបតុលាការឲ្យនគរបាលនាំខ្លួនលោក លន់ តាំងគិន ទៅមកៗ២ថ្ងៃហើយ មិនទាន់សម្រេចបែបណាទេ ក្នុងរឿងឆបោកនេះ៕
