header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ អគ្គស្នងការរងនគរបាលជាតិ ប្រាប់ដល់កម្លាំងនគរបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានា ត្រូវបង្កើនកិច្ចការពារសន្តិសុខសង្គម ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពិសេសសម្រាប់ឱកាសនៃការបោះឆ្នោតជាតិនៅពេលខាងមុខ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីនគរបាលនៅស្នងការដ្ឋានខេត្តកំពត កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កម្លាំងនគរបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានាមានភារកិច្ចការពារសន្តិសុខសង្គម ដើម្បីក្តីសុខសាន្ត របស់ប្រជាពលរដ្ឋ។

លោកនាយឧត្តមសេនីយ៍បានបន្តថា នៅពេលដ៏ខ្លីខាងមុខ ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងចូលមកដល់។ ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនកិច្ចការពារ និងត្រៀមទប់ស្កាត់រាល់អំពើ ទុច្ចរិតទាំងឡាយដែលមានបំណងបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងឱកាសនេះដែរ លោក ជឹង ផល្លា អភិបាលរងខេត្តកំពតបានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី និងប្រតិភូអមដំណើរថា កម្លាំងសមត្ថកិច្ចចំណុះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិសេសមន្ត្រីនគរបាល ក្រោមឱវាទស្នងការដ្ឋានខេត្តកំពត កំពុងបំពេញភារកិច្ចដ៏ល្អប្រសើរ ដោយកាត់បន្ថយបានរាល់បទល្មើស និងរក្សាបាននូវសន្តិសុខក្នុងខេត្តទាំងមូល។ ជាក់ស្តែង ក្នុងឱកាសនៃដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចបានរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយភាពជោគជ័យ។

សូមបញ្ជាក់ថា បន្ទាប់ពីបំពាក់ឋានន្តរស័ក្តិពីថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់ឧត្តមសេនីយ៍ត្រីជូនមន្ត្រីនគរបាលចំនួន៨៣រូប បំពាក់មេដាយ៧២រូប និងប្រគល់ប័ណ្ណសរសើរ១៨រូប លោក​ ប៉ែន វិបុល បានប្រគល់រថយន្តអន្តរាគមន៍ពីរគ្រឿងរបស់នាយឧត្តមសេនីយ៍ នេត សាវវឿនអគ្គស្នងការនគរបាលជាតិជូនដល់អធិការដ្ឋានក្រុងកំពត ដើម្បីបំពេញការងារ សន្តិសុខសណ្តាប់ធ្នាប់កាន់តែមានប្រសិទ្ធភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post