
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្លះនៅតែបន្តបោះឆ្នោតឲ្យអតីតគណបក្សសង្រ្គោះជាតិទាំងដឹងថា ពួកគេចង់ធ្វើបាបសម្តេច កម្មករ និងពលរដ្ឋ ក្នុងពេលពួកគេតែងតែអំពាវនាវឲ្យបរទេសបញ្ឈប់ទិញទំនិញពីកម្ពុជា។
សម្តេចតេជោ បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់មកពីរោងចក្រ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ថា “បើគ្រាន់តែប្រជាជនខ្លួនឯង រាប់ទាំងអ្នកខ្លះបោះឆ្នោតឲ្យពួកគេទៀតផង ហេតុអ្វីបានជាគេមិនយល់ គេចង់ធ្វើបាប ហ៊ុន សែន ក៏ប៉ុន្តែច្របាច់ក ហ៊ុន សែន លានអណ្ដាតកម្មករ លានអណ្ដាតប្រជាជនកម្ពុជាទៅវិញទេ” ។
សម្ដេច បន្តថា ពួកប្រឆាំងប្រកាសថា គេនឹងទទួលបានជោគជ័យ ប្រសិនបើបរទេសឈប់ទិញទំនិញពីកម្ពុជា តែចំណុចនេះមិនមែនស្លាប់ ហ៊ុន សែន ទេ តែវាស្លាប់កម្មករ នៅពេលដែលរោងចក្របិទទ្វារ។
សម្ដេច បន្ថែមថា អំពើក្បត់ជាតិ របស់លោក សម រង្ស៊ី មិនទាន់គិតទៅដល់កិច្ចព្រមព្រៀងចុងក្រោយដែលចុះហត្ថលេខាកាត់ទឹកដី៤ខេត្តទៅឲ្យជនជាតិភាគតិចវៀតណាម ក្នុងនោះមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ សម្ដេចថា មិនទាន់បានកាន់អំណាចផង ចុះហត្ថលេខាកាត់ខេត្ត៤ទៅឲ្យគេហើយ ចុះទម្រាំបានកាន់អំណាច តើប្រទេសទៅជាយ៉ាងណា?
លោក សម រង្ស៊ី តែងតែបានអំពាវនាវបណ្ដាប្រទេសជាច្រើន ឈប់ផ្ដល់ជំនួយមកកម្ពុជា ឈប់ទិញទំនិញពីកម្ពុជា ជាពិសេសថ្មីៗនេះ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតថែមទៀត៕
