header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តធុនធំដឹកត្រីពេញ របស់ក្រុមហ៊ុនដឹកជញ្ជូន M.P បានបោះពួយក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កកង់បីពេញទំហឹង ហើយរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់៣កង់ថែមទៀត ទើបរថយន្តដាច់កាឡេកល់ជាប់ទ្រូងផ្លូវ បើកទៅមុខលែងរួច។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខរោងចក្រក្រដាស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារ Cam Post ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2892 បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានជ្រុលទៅបុករ៉ឺម៉កកង់បី មិនមានស្លាកលេខ ដែល​កំពុងបើកស្របទិសគ្នា ពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ហើយរថយន្តបានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ទៀត។ បន្ទាប់មក រថយន្តដាច់កាឡេកល់ជាប់ទ្រូងផ្លូវបើកទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ដោយឃើញសភាពការណ៍មិនស្រួល បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក ម្ចាស់រ៉ឺម៉កកង់បី ដែលរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សហការជាមួយសមត្ថកិច្ចជំនាញ ចុះមកវាស់វែង ​រួចយករថយន្តបង្ក និងរ៉ឺម៉កកង់បីរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post