
រតនគិរីៈ ភ្លៀងធ្លាក់មួយមេយ៉ាងធំ បង្កឲ្យមានរន្ទះបាញ់ បាញ់សត្វគោបណ្តាលឲ្យងាប់ចំនួន៦ក្បាល កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ។

ហេតុការណ៍រន្ទះបាញ់គោងាប់៦ក្បាលនេះ ត្រូវបានលោក នី ណុល អាយុ៤៨ឆ្នាំ ជនជាតិទំពួន ដែលជាម្ចាស់គោឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំផ្គររន្ទះ និងផ្លេកបន្ទោរព្រាកៗ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានរន្ទះបាញ់លាន់យ៉ាងខ្លាំងផ្សែងហ៊ុយងងឹតក្នុងលំនៅឋានរបស់គាត់។ លុះដល់ម៉ោង១១យប់ថ្ងៃដដែល គាត់បានដើរទៅរកមើលគោរបស់គាត់ដែលដេកជុំគ្នាសរុបចំនួន២២ក្បាល ចម្ងាយពីផ្ទះ២០ម៉ែត្រ។

លោកបន្តថា ក្នុងចំណោមសត្វគោចំនួន៣៣ក្បាលនោះ ត្រូវរន្ទះបាញ់ងាប់៦ក្បាល ធ្វើឲ្យគាត់មានការសោកស្តាយសត្វគោរបស់គាត់យ៉ាងខ្លាំង ដែលបានខំចិញ្ចឹមជាយូរមកហើយនោះ៕

