
កម្សាន្តៈ តារាស្រីរាងតូចច្រឡឹង កញ្ញា ដួង ម៉ានិច បានត្អួញត្អែរក្រោយការហាត់សមសម្តែងរឿង ទាក់ទងទៅនឹងសម័យខ្មែរក្រហម (ប៉ុលពត) ថា នាងឈឺខ្លួនគ្រប់កន្លែង និងជាំសាច់យ៉ាងខ្លាំង ព្រោះថា ការហាត់សម គឺតួនីមួយៗប្រឹងលេងឲ្យអស់ពីលទ្ធភាព និងធ្វើឲ្យដូចការពិតតែម្តង ទើបនាងឈឺសាច់បែបនេះ។
នាងបញ្ជាក់ថា សម្រាប់ការសម្តែងរឿងនេះ គឺនាងពេញចិត្ត និងក្តុកក្តួលទប់ទឹកភ្នែកមិនជាប់ទេ នៅពេលអ្នកដឹកនាំតម្រូវឲ្យនាងសម្តែងជាតួស្រីម្នាក់ ដែលសរសៃខ្ចី ហើយត្រូវបានគេអូសប្តីទៅសម្លាប់ពេលនោះ ពេលនាងបីកូនរត់ទៅសួរ ស្រាប់តែគេឆក់កូនពីដៃនាងទៅបោកនឹងដី ហើយអូសប្តីទៅសម្លាប់ទៀត គឺធ្វើឲ្យនាងស្លុតចិត្តស្រមៃ ទៅក្នុងរបបនោះថា វេទនាលំបាកយ៉ាងណា បើគ្រាន់តែនាងសម្តែងសោះ វេទនាម្លឹងហើយ។

តារាស្រីដែលឆក់បានតំណែងជាតួឯកស្រីជាបន្តបន្ទាប់រូបនេះ បានប្រាប់ទៀតថា សាច់នាងត្រូវជាំ និងឈឺគ្រប់កន្លែង ដោយសារតែក្នុងការសម្តែងមានឈុតវាយធ្វើបាប បោចសក់ ដែលអាចនិយាយបានថា នាង និងតួសម្តែងផ្សេងទៀត ប្រឹងសម្តែងឲ្យដូចការពិត គឺទឹកភ្នែកនាងស្រក់ដោយមិនដឹងខ្លួន ហើយយំមិនឈប់ទេ ព្រោះអារម្មណ៍ឈឺចាប់ ខ្លោចផ្សារបញ្ជាឲ្យនាងយំបែបនេះ។ ដូចនេះហើយ ទើបនាងអំពាវនាវឲ្យបងប្អូនខ្មែរ ស្រឡាញ់ និងសាមគ្គីគ្នា ជៀសឆ្ងាយពីសង្គ្រាម នាង និងកូនខ្មែរមិនចង់ជួប មិនចង់យល់ទេ ភ្លើងសង្គ្រាម។

សូមបញ្ជាក់ថា តារាសម្តែង ដួង ម៉ានិច ពិតជាមានយីអ៊ុនឡើងស្រឺតៗតែម្តង គឺក្រោយពីសម្រេចចិត្តទិញផ្ទះ៣កន្លែងផ្សេងគ្នាហើយ ស្រាប់តែពេលនេះ នាងបានបោះទុន បើកមុខជំនួញហាងផឹកស៊ីធំល្មមមួយបន្ថែមទៀត។ នាងថា មុខជំនួញនេះ មិនមែនសម្រាប់តែនាងទេ គឺសម្រាប់សមាជិកក្រុមគ្រួសារនាងទាំងមូលតែម្តង។


ស្របពេលដែលសន្ទុះការងារសិល្បៈកាន់តែលេចធ្លោរខ្លាំង ប៉ុន្មានខែមុននេះ ដួង ម៉ានិច ទើបនឹងរៀបចំពិធីឡើងគេហដ្ឋានថ្មីប្រណីតនៅបុរី ប៉េងហួត បឹងស្នោរ ជាមួយនឹងការកោតសរសើរខ្លាំងពីអ្នករួមអាជីព។ គម្រោងបន្ទាប់សម្រាប់ជួយស្រោចស្រង់លើកស្ទួយជីវភាពគ្រួសារបងស្រី និងសមាជិកគ្រួសារមួយចំនួនទៀត គឺការរួមគ្នាបង្កើតហាងផឹកស៊ីថ្មីនៅ Jet Container ដែលជាតំបន់ទាក់ទាញ។
នាងថា ក្រុមគ្រួសារនាងទាំងមូលមានជំនាញ ក្នុងការធ្វើម្ហូបគ្រប់គ្នា ពិសេសបងស្រីនាង ដែលកន្លងមក ចេះធ្វើអាហារលក់នៅតំបន់ព្រំដែនកម្ពុជា-ថៃផងដែរ៕


