
បន្ទាយមានជ័យៈ វត្តអារាមបានដើរតួយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការអប់រំឲ្យមនុស្សធ្វើអំពើល្អ ដែលខុសពីសម័យ ប៉ុល ពត ទីវត្តអារាមត្រូវបានគេយកធ្វើជាកន្លែងចិញ្ចឹមសត្វ ឃុំឃាំង និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។
ទោះបីជាសម្តេចតេជោមិនបានចុះមកដោយផ្ទាល់មែន ប៉ុន្តែលោកបានចាត់ក្រុមការងារឲ្យចុះគ្រប់កន្លែងទូទាំងប្រទេស ដើម្បីជួយមើលពីតម្រូវការរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក្នុងការផ្តល់ភាពងាយស្រួល និងកាន់តែនៅកៀកជាមួយប្រជាពលរដ្ឋ សម្តេចបានប្រើប្រព័ន្ធហ្វេសប៊ុក ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហាផ្សេងៗជូនដល់សម្តេចផ្ទាល់។

សមិទ្ធផលទាំងនេះអាចកើតឡើងបានដោយមានកត្តា៣ ដែលទី១.ប្រជាជនខ្មែរយើងមានចិត្ត គឺមានចិត្តក្នុងការចូលរួមចែករំលែកកសាងសមិទ្ធផលផ្សេងៗទូទាំង្រទេស ទី២.ជីវភាពដែលបង្ហាញថា បច្ចុប្បន្នប្រជាជនមានលទ្ធភាពចូលរួម បើគាត់គ្មានជីវភាពទោះបីជាគាត់មានទឹកចិត្ត ក៏មិនមានលទ្ធភាពចូលរួមបានដែរ និងទី៣.គឺកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍគ្រប់វិស័យ កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រទេសយើងដើរទៅមុខលឿនក្នុងមោទនភាពមហាគ្រួសារខ្មែរ។

យើងគួរមានមោទនភាពក្នុងនាមជាជនជាតិខ្មែរ ដែលពីអីតកាលយើងធ្លាប់មានសង្គ្រាម តែយើងអាចរួបរួមគ្នារស់នៅជាមួយគ្នាដោយមិនប្រកាន់អតីតកាល គឺដើម្បីស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍កសាងសមិទ្ធផល ដើម្បីកូនចៅជំនាន់ក្រោយជាមួយគ្នា។ យើងកសាងបានប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេ សម្តេចតេជោ នៅតែបន្តខិខំគ្រប់បែបយ៉ាង ដើម្បីប្រជាជនកាន់តែរីកចម្រើនទៅមុខបន្តទៀត។

មានប្រសាសន៍បែបនេះ ខណៈលោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាបាលី និងសមិទ្ធផលនានា និងបើកបវេសនៈកាលឆ្នាំសិក្សាពុទ្ធកៈបឋមសិក្សា ក្នុងវត្តប្រសាទស្រះកណ្តាលហៅវត្តខ្ចាស់ ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨៕









