ភ្នំពេញៈ ក្មួយប្រុសបង្កើតនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ តាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហើយត្រៀមនឹងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីបាញ់ប្រមាណជាង១០គ្រាប់ កាលពីយប់មិញ។ នេះបើតាមប្រភពពីក្រសួងមហាផ្ទៃ។
ប្រភព័ត៌មានច្បាស់ការ បង្ហើបប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា ឧត្តមសេនីយ៍ឯក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសួរនាំនៅក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភានេះ តាមបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាឪពុកមា។ លោក ហ៊ុន ជា ត្រូវបាននាំខ្លួនទៅសាកសួរនៅនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បន្ទាប់ពីបានបង្កការបាញ់បោះប្រមាណជាង១០គ្រាប់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ បង្កការភ្ញាក់ផ្អើលពេញទឹកដីខណ្ឌដូនពេញ ប៉ុន្តែក៏ស្ងប់ស្ងាត់ទៅវិញ សូម្បីអាជ្ញាធរមានសមត្ថកិច្ច បានត្រឹមឈរមើលពីចម្ងាយ។
ប្រភពបន្តថា ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបាន ទើបបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង។ ហើយករណីនេះ មិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។
សូមបញ្ជាក់ថា រឿងហេតុខាងលើនេះ ទាំងចៅហ្វាយខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានប៉េអឹម និងប៉ូលិស ត្រូវបានគេរាយការណ៍មកថា បានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានចូលទៅកន្លែងកើតហេតុ បន្ទាប់ពីមានករណីផ្ទុះអាវុធប្រមាណជាង១០គ្រាប់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ។
បើតាមសេក្ដីរាយការណ៍ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នាតែម្ដង ចេញពីផ្ទះលេខ១១ បើកអាជីវកម្មវេរលុយយីហោ True Money នៅតាមបណ្ដោយផ្លូវ១០៨ កែងផ្លូវ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ១០៖២០នាទីយប់ ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។ ប៉ុន្តែករណីនេះ ក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមៗផងដែរ។
សេចក្ដីរាយការណ៍បន្តថា ក្រោយពីឮសំឡេងគ្រាប់កាំភ្លើងផ្ទួនៗ គេសង្កេតឃើញវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងនគរបាលខណ្ឌដូនពេញ និងទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះទៅក្បែរកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែដូចជាមិនហ៊ានចូលទៅសាកសួរ និងរំខានផ្ទះកើតហេតុនោះទេ បានត្រឹមតែដឹង និងឈរមើលពីចម្ងាយប៉ុណ្ណោះ។
ករណីផ្ទុះអាវុធចេញពីផ្ទះវេរលុយ True Money ខាងលើ ជនបង្កបាញ់លើសពី១០គ្រាប់ ដែលត្រូវបានប្រភពបង្ហើយប្រាប់ថា បង្កឡើងដោយលោក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី។ ករណីនេះ យើងមិនអាចសុំការពន្យល់ពីលោក ហ៊ុន ជា បានឡើយ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ បានបដិសេធមិនធ្វើការអត្ថាធិប្បាយណាមួយជុំវិញហេតុការណ៍ខាងលើនេះប្រាប់អង្គភាពសារព័ត៌មាន Cam Post ដោយលោកអះអាងថា បានសុំច្បាប់ទៅធ្វើបុណ្យនៅខេត្ត។ លោកមិនបានដឹងនោះទេ។
ទោះបីជាបែបណា វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ពិតជាមានករណីបាញ់បោះសេរីនៅចំណុចកើតហេតុខាងលើប្រាដមមែន។ ប៉ុន្តែលោកមិនបញ្ជាក់ពីអត្តសញ្ញាណជនបង្កឡើយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ណាគេហ៊ាន សួរដូចពើចឹង”។
សូមបញ្ជាក់ថា គ្រាន់តែនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងរយៈពេលមកដល់មួយខែផង មានករណីផ្ទុះអាវុធចំនួន៣លើក សរុបជិត៣០គ្រាប់ទៅហើយ ហើយបានបង្កឲ្យជនជាតិទួកគីម្នាក់ រងរបួសផងដែរ។ ក្រៅពីខណ្ឌកណ្ដាលរាជធានីភ្នំពេញ នៅមានករណីផ្ទុះអាវុធនៅកន្លែងផ្សេងទៀត កើតឡើងនៅក្រុងភ្នំពេញ ខណៈការបោះឆ្នោតថ្នាក់ជាតិ នឹងឈានចូលមកដល់នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕