
ភ្នំពេញៈ កម្មការីនីកាត់ដេរម្នា បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤៖២០នាទីរសៀល ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចបន្ទប់ជួល តាមផ្លូវ១០៣ ស្ថិតក្នុងក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីដែលចងកសម្លាប់ខ្លួនឈ្មោះ នុត សុខុម អាយុ២១ឆ្នាំ ជាកម្មការីនីរោងចក្រកាត់ដេរ ស្នាក់នៅកន្លែងកើតហេតុជាមួយបងស្រី និងមានស្រុកកំណើតនៅភូមិជើងខាល ឃុំមោងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា កម្មការីនីរូបនោះ បានដាក់គន្លឹះទ្វារបន្ទប់ខាងក្នុង ហើយចងកសម្លាប់ខ្លួននឹងខ្សែពួរហាលខោអាវចងភ្ជាប់នៅដំបូលផ្ទះ ហើយស្លាប់តែម្ដង។ ទាក់ទិនការចងកសម្លាប់ខ្លួននេះ ពុំមាននរណាដឹងពីមូលហេតុច្បាស់ឡើយ។

បើតាមស្ត្រីឈ្មោះ នុត សេន អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលត្រូវជាបងស្រីនារីរងគ្រោះ ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹក ប្អូនស្រីរបស់ខ្លួន បានប្រាប់ថា មិនស្រួលខ្លួន ព្រឹកនេះ មិនបានទៅធ្វើការទេ ទើបរហូតដល់ពេលល្ងាច រូបគាត់ចេញពីធ្វើការមកដល់បន្ទប់បិទទ្វារដាក់គន្លឹះពីក្នុង ហើយពេលមើលតាមបង្អួចឃើញប្អូនចងក ទើបបង្កការភ្ញាក់ផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាជួយគាស់ទ្វារចូល ក៏ឃើញប្អូនស្រីគាត់ចងកស្លាប់បាត់ទៅហើយ។
ស្ត្រីដែលជាបងស្រីបានត្រហោយំរៀបរាប់ប្រាប់ថា កន្លងមក ប្អូនស្រីពុំដែលមានបញ្ហាអ្វីជាមួយគ្រួសារ និងមិនមានជំងឺអ្វីឡើយ និងពុំដឹងពីមូលហេតុអ្វីបានជាប្អូនស្រីគាត់ចងកសម្លាប់ខ្លួនបែបនេះទេ។ បងស្រីកម្មការិនីរងគ្រោះបានសន្លប់ជាច្រើនដង ដោយសារតែអាឡោះអាល័យប្អូនស្រី ដែលស្លាប់ទាំងវ័យក្មេងបែបនេះ។

ប្រភពពីអ្នកជិតខាងប្រាប់ដែរថា នារីរងគ្រោះធ្លាប់មានប្តី និងបានលែងលះគ្នារយៈពេលប្រមាណ២ឆ្នាំមកហើយ។ នៅពេលថ្មីនោះ មិនដឹងមានរឿងអ្វីទេ នាងមិនបានទៅធ្វើការចំនួន៣ថ្ងៃហើយ មិននឹកស្មានថា នៅផ្ទះសម្ងំចងកសម្លាប់ខ្លួនបែបនេះ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕



