
ក្រចេះ៖ កូនប្រុសតិរច្ឆានចាក់សម្លាប់ឪពុកខ្លួនឯងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រហូតមកដល់រសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នួល ស្រាវជ្រាវ និងចាប់ខ្លួនបានហើយ។
ជនសង្ស័យរូបនេះឈ្មោះ គឿន ផារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

គួរំលឹកថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាមួយបានកើតឡើងដោយសារកូនអកតញ្ញូម្នាក់ ព្រោះតែរឿងបន្តិចបន្តូចសោះ ហើយស្រាចូលខ្លួនផងនោះ ភ្លេចអស់បុណ្យបាប មិនញញើតដៃ បានយកកូនកាំបិតចាក់ឪពុកបង្កើតខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហើយក្រោយបង្កហេតុ ជនសង្ស័យក៏រត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕


