ភ្នំពេញៈ ខណៈមេឃកំពុងភ្លៀងស្រេចៗផង មានបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក SIENNA ក្នុងល្បឿនដូចហោះ លុះដល់ផ្លូវកោងមិនបានបន្ថយល្បឿនទេ ក៏ជ្រុលធ្លាក់ចេញពីផ្លូវ បណ្ដាលក្រឡាប់ជាច្រើនត្រឡប់ រួចធ្លាក់ចូលប្រឡាយទឹកផ្លោងតៃកុងចេញមកក្រៅរថយន្ត ស្លាប់មួយរំពេច។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវកប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ទំនងជាជនជាតិចិន តែមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារ Cam Post ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-2567 ដោយធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវងងឹត ហើយជាចំណុដផ្លូវកោងផងនោះ រថយន្តបានជ្រុលធ្លាក់ចេញពីផ្លូវ បណ្ដាលក្រឡាប់ជាច្រើនត្រឡប់ ហើយខ្ទាតតៃកុងចេញពីរថយន្ត បណ្ដាលឲ្យស្លាប់យ៉ាងគួរឲ្យរន្ធត់បំផុត។ រីឯរថយន្តបានធ្លាក់ចូលប្រឡាយទឹក ផ្ងារជើងច្រង៉ាង និងរងការខូចខាតស្ទើរតែទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ រង់ចាំស្រាវជ្រាវស្វែងរកក្រុមគ្រួសារ និងអត្តសញ្ញាណជនរងគ្រោះ៕