Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនបុរសម្នាក់ទៀតហើយ ពាក់ព័ន្ធករណីចែកចាយបន្តនូវរូបភាពប្រមាថព្រះចេស្ដាព្រះមហាក្សត្រ តាមបណ្ដាញសង្គមហ្វេសប៊ុក។ ជនជាប់ចោទ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ដើម្បីបើកការស៊ើបអង្កេតបន្ថែម។ ការឃុំខ្លួនជននេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ បានសម្រេចឃុំខ្លួននាយកសាលាម្នាក់ ពីបទប្រមាថអង្គព្រះមហាក្សត្រ នៅក្នុងបណ្ដាញសង្គមដូចគ្នា។

សមត្ថកិច្ចខេត្តសៀមរាប ប្រាប់ឲ្យដឹងថា គណៈបញ្ជាការឯកភាពខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ បានឃើញការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលមានគណនីឈ្មោះ Ban Samphy ដែលបានចែកចាយបន្តនូវរូបភាពរបស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺស​ម្ដេចព្រះបាទ នរោត្តម សីហមុនី ក្នុងន័យប្រមាថព្រះចេស្ដារបស់ព្រះអង្គ។ ក្រោយពីបានឃើញការបង្ហោះនោះ គណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់។

រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង បានរកឃើញម្ចាស់គណនី facebook ខាងលើនោះ គឺមានឈ្មោះ បាន សម្ភីរ ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរជាជាងកាត់សក់ បច្ចុប្បន្នរស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

កម្លាំងសមត្ថកិច្ច ក៏បានហៅសាម៉ីខ្លួនរូបនោះ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ហើយជនឈ្មោះ បាន សម្ភីរ បានសារភាពថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ខ្លួនដែលជាម្ចាស់គណនីឈ្មោះ Ban Samphy ពិតជាបានចែកចាយបន្ត (shared) រូបភាព និងខ្លឹមសារ ដែលមានន័យប្រមាថចេស្ដាព្រះមហាក្សត្រ នៅវេលាម៉ោង៦៖៤០នាទីល្ងាច ពីហ្វេសប៊ុក ដែលមានគណនី (Khmer Thatcher) ពិតប្រាដកមែន។

យោងចម្លើយសារភាពនេះដែរ ឈ្មោះ បាន សម្ភីរ បញ្ជាក់ទៀតថា ការចែកចាយបន្តនេះ មកពីមូលហេតុខ្លួនមិនពេញចិត្តអង្គព្រះមហាក្សត្រ ដូច្នេះនៅពេលដែលខ្លួនបានឃើញការបង្ហោះរបស់គណនី (Khmer Thatcher) ខ្លួនក៏បានចែកចាយបន្តនូវរូបភាព និងខ្លឹមសារ ក្នុងន័យប្រមាថអង្គព្រះមហាក្សត្រ តែម្ដងទៅ។

ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទួន ៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២លានរៀល ទៅ១០លានរៀល»៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor