header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងហោចណាស់មានសំណុំរឿងឆបោកប្រាក់ចំនួន៣ករណីផ្សេងៗគ្នា មានទឹកប្រាក់ច្រើនជាង២០០លានដុល្លារអាមេរិកត្រូវបានម្ចាស់គំរោងវិនិយោគដាក់បណ្ដឹងចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រឆាំងនិងអតីតឧកញ៉ាហូរ ចំរើន ដែលកំពង់ជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស។

ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា សំណុំរឿងឆបោកប្រាក់ដែលម្ចាស់គំរោងវិនិយោគដាក់ប្ដឹងលោក ហូរ ចំរើន មកអយ្យការអមតុលាការទាំង៣ករណីគឺស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកចាត់ការទាំង៣សំណុំរឿងតែម្ដង។ ក្នុងនោះមានសំណុំរឿងមួយត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការបញ្ជូនទៅចៅក្រមសើបសួរពិនិត្យតាមនីតិវិធី។ ចំណែកសំណុំរឿង២ទៀតអយ្យការអមតុលាការកំពង់ពិនិត្យនៅឡើយ ហើយបានកំណត់ពេលឱ្យដើមបណ្ដឹងចូលមកឆ្លើយបំភ្លឺនៅថ្ងៃទី ២៥មិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

ចំពោះជនសង្ស័យ ហូរ ចំរើន ព្រះរាជអាជ្ញាអមតុលាការមិនទាន់កំណត់ពេលវេលាអោយនាំខ្លួនពីពន្ធនាគារមកសាកសួរនៅឡើយទេ។

ពាក់ព័ន្ធបណ្ដឹងព្រហ្មទ័ណ្ឌថ្មីបីសំណុំរឿងដែលដាក់ប្ដឹងប្រឆាំងលោកហូរ ចំរើន ត្រូវបានបនរភពមួយអះអាងថា មានក្រុមហ៊ុនវិនិយោគបរទេសមួយបានពឹងពាក់អោយអតីតឧកញ៉ា ហូរ ចំរើន រៀបចំទិញដីជាច្រើនហិចតានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សៀដើម្បីសាងសង់មន្ទីរពេទ្យធំ ទំនើបមានលក្ខណៈស្តង់ដាទានសម័យមួយដែលមានទុនវិនិយោគរហូរដល់ជាង២០០លានដុល្លារអាមេរិក។ ក្នុងនោះក្រុមហ៊ុនបានទំលាក់សាច់ប្រាក់មុនចំនួន៨០លានដុល្លារអោយលោកហូរ ចំរើន ដើម្បីរៀបចំនិងចាប់ផ្ដើមអនុវត្តគំរោង ប៉ុន្តែចាប់តាំងពីបានទទួលសាច់ប្រាក់៨០លានដុល្លារនោះមក មិនឃើញអតីតឧកញ៉ាហូរ ចំរើនអនុវត្តកិច្ចការគំរោងសាងសង់មន្ទីរពេទ្យនោះចេញទេ រហូតដល់ថ្ងៃមានរឿងប្រើអាវុធបាញ់គំរាមឨពុកម្ដាយក្មេក ហើយត្រូវតុលាការសម្រេចឃុំខ្លួនលោកហូរ ចំរើន ដាក់ពន្ធនាគារ ទើបម្ចាស់គំរោងវិនិយោគសន្មត់ថាអតីតឧកញ៉ាហូរ ចំរើន ឆបោកប្រាក់ទើបដាក់ពាក្យប្ដឹងមកតុលាការតែម្ដង។

ចំណែកបណ្ដឹងពីរទៀតក៏ជាប់ពាក់ព័ន្ធនិងបទល្មើសឆបោកប្រាក់នៅក្នុងគំរោងវិនិយោគលើវិស័យអចលនទ្រព្យដូចគ្នានេះដែរ ដែលមានទឹកប្រាក់រាប់រយលានដុល្លារដែលក្រុមហ៊ុនវិនិយោគបរទេសទាំងនោះចាញ់ឧបាយកល់ឆបោករបស់លោកហូរ ចំរើន។

ពាក់ព័ន្ធនិងបណ្ដឹងថ្មីដាក់ប្ដឹងអតីតឧកញ៉ាហូរ ចំរើនក្នុងរឿងឆបោកប្រាក់ នាថ្ងៃទី ១៤មិថុនា ឆ្នាំ២០១៨នេះ មេធាវីកាពារផ្លូវច្បាប់អោយលោកហូរ ចំរើនមិនអាចទាក់ទងសុំការបកស្រាយបានទេដោយសារគ្មានអ្នកលើកទូរស័ព្ទ។ ចំណែកអតីតឧកញ៉ាហូរ ចំរើន កំពង់ជាប់ក្នុងពន្ធនាគារ។

គួររំលឹកថាអតីតឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី ១៦ឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធការបាញ់បោះគំរាមកំហែង​ឪពុកម្ដាយក្មេកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅភូមិគ្រឹៈស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហូរ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិ និងភរិយាឈ្មោះ គារ សុខគាង អាយុ១៩ឆ្នាំ ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា នៅថ្ងៃទី ១២មេសា ឆ្នាំ២០១៨ថ្មីៗនេះ លុះមកដល់ថ្ងៃទី ២១មេសា ស្រាប់តែមានទំនាស់កើតឡើងក្នុងគ្រួសារនៅវេលារសៀល ហើយស្រាប់តែឧកញ៉ា ហូរ ចំរើន បាញ់កាំភ្លើងគំរាមកំហែងនៅក្នុងភូមិគ្រឹៈនោះបណ្ដាលអោយកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយកើតហេតុគេឃើញលោកយិន គារ អាយុ៥៦ឆ្នាំ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជាម្ដាយក្មេក និងឈ្មោះ គារ សុខគាង ជាភរិយាលោកឧកញ៉ា ហូរ ចំរើន បានទៅដាក់ពាក្យប្ដឹងអោយសមត្ថកិច្ចធ្វើអន្តរាគមន៍តាមផ្លូវច្បាប់។ បន្ទាប់មកសំណុំរឿងនេះត្រូវបាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកអយ្យការអមសាលាដំបូងដើម្បីបើកការសើបអង្កេតបឋម ហើយនៅថ្ងៃទី ១៦ឧសភានេះក៏ចាប់ខ្លួនបញ្ជូនមកតុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទគំរាមថានឹងសម្លាប់ និងបទប្រើប្រាសអាវុធខុសច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post